ប្រទេសថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៧នាក់ ក្រោយស្រកករណីដល់សូន្យបានប៉ុន្មានថ្ងៃ
យោងតាមការចុះផ្សាយប្រចាំថ្ងៃរបស់ The Nation Thailand បានឱ្យដឹងថា ប្រទេសថៃបានរាយការណ៍ពីករណីថ្មីចំនួន ៧ករណី ប៉ុន្តែមិនមានអ្នកស្លាប់ថ្មីនោះទេ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះទេ។ បើតាមសម្តីរបស់វេជ្ជបណ្ឌិតលោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព COVID-19 របស់រដ្ឋាភិបាល (CCSA) សម្រាប់ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ករណី COVID-19 នៅប្រទេសថៃបានកើនឡើងដល់ ៣,០២៥ នាក់ ក្នុងនោះមាន ២,៨៥៤ នាក់ បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យ។

រហូតមកទល់ពេលនេះមានអ្នកជំងឺតែ ១១៥ នាក់ប៉ុណ្ណោះ ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ខណៈចំនួនអ្នកស្លាប់នៅតែ ៥៦នាក់ដដែល។ លោក Taweesin Visanuyothin បានមានប្រសាសន៍ថា ករណីថ្មីៗទាំងអស់នេះត្រូវបានរកឃើញនៅក្នុងកន្លែងដាច់ដោយឡែករបស់រដ្ឋ។ កាលពីថ្ងៃពុធ CCSA បានរាយការណ៍សូន្យករណី និងករណីថ្មីតែម្នាក់ប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍។ ចំណែកដំណាក់កាលទី២ នៃការបន្ធូរបន្ថយការរឹតបន្តឹងរបស់ថៃនឹងចាប់ផ្តើមនៅពីរបីថ្ងៃខាងមុខ។ ការបន្ធូរបន្ថយដំណាក់កាលទី១ បានចាប់កាលពីថ្ងៃទី០៣ ខែឧសភា ដោយថៃមិនបានភ័យខ្លាចរលកទី២នោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand