សាំងហ្គាពួរថ្ងៃនេះរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីក្បែរ ៨០០ករណី ដែលនាំឱ្យករណីសរុបកើនជិត ២៧,០០០ករណី
ករណីវីរុស COVID-19 ថ្មីចំនួន ៧៩៣ករណី ត្រូវបានបញ្ជាក់ជាបឋមសម្រាប់ថ្ងៃសុក្រ ទី១៥ ខែឧសភា ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសសាំងហ្គាពួរមានចំនួន ២៦ ៨៩១ ករណី នេះបើតាមការចុះផ្សាយរបស់ The Straits Times។ ក្នុងចំណោមអ្នកទាំងនោះមានតែជនជាតិសាំងហ្គាពួរម្នាក់ប៉ុណ្ណោះដែលបានឆ្លងវីរុស ក្រៅពីនោះគឺសុទ្ធតែជាពលករបរទេសដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ ក្រសួងសុខាភិបាលរបស់សាំងហ្គាពួរបាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវផ្សាយជូននៅពេលក្រោយនៅរាត្រីថ្ងៃសុក្រ។

កាលពីថ្ងៃព្រហស្បតិ៍មានអ្នកជំងឺចំនួន ១,១៦៤ នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដែលនេះជាលើកទីមួយហើយដែលចំនួនអ្នកជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យមានច្រើនជាង ១,០០០នាក់។ វាក៏ជាលើកទី៣ក្នុងសប្តាហ៍នេះ ដែលចំនួនរំសាយចេញពីពេទ្យខ្ពស់ជាងចំនួនករណីថ្មី។ រហូតមកដល់ពេលនេះមានមនុស្ស ៥,៩៦៤ នាក់ ឬប្រហែល ២៣% នៃចំនួនសរុបបានជាសះស្បើយពីជំងឺនេះ ចាប់តាំងពីករណីដំបូងត្រូវបានគេរាយការណ៍នៅថ្ងៃទី២៣ ខែមករា។ សម្រាប់តួលេខស្លាប់ដោយសារវីរុស COVID-19 នៅសាំងហ្គាពួរគឺនៅតែ២១នាក់ដដែល៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times