ករណីវីរុសកូវីដ១៩ នៅតំបន់កម្សាន្តរាត្រី Itaewon របស់កូរ៉េខាងត្បូង បានកើនឡើងដល់១៥៣នាក់
បន្ទប់ខារ៉ាអូខេបានក្លាយជាប្រធានបទក្ដៅថ្មីមួយ ដោយសារតែការផ្ទុះឡើងថ្មីៗនៃវីរុស COVID-19 ក្នុងប្រទេសកូរ៉េខាងត្បូង នៅពេលដែលអ្នកជំងឺម្នាក់គាត់បានទៅលេងកម្សាន្តនៅទីនោះ មុនពេលដែលគាត់ដឹងខ្លួនថាវិជ្ជមានជាមួយវីរុស COVID-19។ នៅក្នុងការផ្ទុះឡើងថ្មីៗនេះអាជ្ញាធរសុខាភិបាល បានតាមដានទំនាក់ទំនងរបស់អ្នកជំងឺថ្មីៗចំនួន ៥នាក់ នៅឯសាកលវិទ្យាល័យក្នុងសង្កាត់ Hongdae, ភាគខាងលិចទីក្រុងសេអ៊ូល និងករណីដែលទាក់ទងនឹងក្លឹបរាត្រី និងបារ៍នៅតំបន់កម្សាន្តរាត្រី Itaewon ហើយអ្វីដែលសំខាន់ពួកគេទំនងជាឆ្លងតគ្នាចេញពីក្លឹបខារ៉ាអូខេតែមួយ។

អ្នកជំងឺម្នាក់នៅ Hongdae ដែលការឆ្លងនៅមិនទាន់បានអាចបញ្ជាក់បាន ត្រូវបានគេឱ្យដឹងថាបានប្រើបន្ទប់ខារ៉ាអូខេតែមួយនៅឯសង្កាត់ Gwanak ជាមួយនឹងអ្នកជំងឺមួយផ្សេងទៀតដែលឆ្លងចេញពីតំបន់ Itaewon ។ ការឆ្លងតគ្នាបែបនេះក៏ត្រូវបានបញ្ជាក់ចេញពីភាគខាងជើងទីក្រុងសេអ៊ូលផងដែរ នៅពេលដែលអ្នកជំងឺបានជិតស្និទ្ធជាមួយអ្នកជំងឺផ្សេងទៀត ដែលឆ្លងចេញពីតំបន់ Itaewon ។
ករណីចម្លែកមួយទៀតគឺមានមនុស្ស ២នាក់ បានឆ្លងវីរុស COVID-19 ពីអ្នកដែលឆ្លងវីរុសតគ្នាចេញពី Itaewon ដោយពួកគេបានចូលក្នុងក្លឹបកម្សាន្តតែមួយ ប៉ុន្តែពួកបាននៅបន្ទប់ផ្សេងគ្នា។ វាមិនច្បាស់ទេថាពួកគេឆ្លងតគ្នារបៀបណា ប៉ុន្តែប្រភពបាននិយាយថា ប្រព័ន្ធម៉ាស៊ីនត្រជាក់របស់ពួកគេគឺបណ្ដាញតែមួយ ហើយវាទំនងជាមូលហេតុនៃការឆ្លង។ យ៉ាងណាក៏ដោយមូលហេតុផ្សេងទៀត គឺអាចដោយសារការប្រើបង្គន់ជាដើម។
រហូតមកទល់ពេលនេះប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីថ្មីចំនួន ១៥៣ ដែលជាប់ទាក់ទងនឹងការឆ្លងជាចង្កោមនៅតំបន់ Itaewon របស់ទីក្រុងសេអ៊ូលគិតត្រឹមថ្ងៃសុក្រនេះ ដោយភាគច្រើននៃពួកគេមានអាយុ ២០ឆ្នាំ ឬក្មេងជាងនេះ។ ក្នុងនោះមានការឆ្លងចំនួន ៦៣ករណី មិនបានទៅទស្សនាតំបន់ Itaewon ប៉ុន្តែពួកគេត្រូវបានជឿជាក់ថា ជាករណីឆ្លងបន្ទាប់ទី២ និងទី៣ តគ្នាពីករណីដំបូង៕



អត្ថបទ៖ លីដា
ប្រភព៖ Korea Herald