អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard និង MIT កំពុងរចនាម៉ាស់ម្យ៉ាង ដែលអាចបញ្ចេញពន្លឺនៅពេលវាជួបនឹងវីរុសកូវីដ១៩
ក្រុមវិស្វកម្មជីវសាស្ត្រមកពីសាកលវិទ្យាល័យ Harvard និង MIT កំពុងរចនាម៉ាស់មុខម៉្យាង ដែលបញ្ចេញពន្លឺនៅពេលដែលវាជួបជាមួយនឹងវីរុស COVID-19 ។ លោក Jim Collins សាស្ត្រាចារ្យផ្នែកជីវសាស្ត្ររបស់ MIT បានប្រាប់ Business Insider ថា យើងអាចប្រើម៉ាស់នេះនៅក្នុងអាកាសយានដ្ឋាននៅពេលដែលយើងឈរចាំពិនិត្យសុវត្ថិភាព មុនពេលដែលយើងឡើងយន្តហោះ ឬយើងអាចពាក់ម៉ាស់នៅពេលទៅ/មកពីកន្លែងធ្វើការ។ មន្ទីរពេទ្យក៏អាចប្រើម៉ាស់នេះសម្រាប់អ្នកជំងឺ នៅពេលពួកគេចូលឬរង់ចាំនៅក្នុងបន្ទប់រង់ចាំ ដើម្បីជាការការពារជាមុនពីហានិភ័យផ្សេងៗ។

អ្នកស្រាវជ្រាវទាំងនេះកាលពីឆ្នាំ២០១៤ ធ្លាប់បានបង្កើតម៉ាស់បំពាក់ដោយឧបករណ៍ចាប់សញ្ញា ដែលអាចរកឃើញវីរុសអេបូឡា (Ebola) ស្ថិតក្រោមលក្ខខណ្ឌជាក់លាក់ ហើយនៅឆ្នាំ២០១៦ ពួកគេក៏បានធ្វើការដដែលនេះលើវីរុសហ្សីកា (Zika virus)។ ម៉ាស់មុខពិសេសនេះបញ្ចោញសញ្ញា fluorescent នៅពេលអ្នកមានអាការពិបាកដកដង្ហើម ក្អក ឬកណ្តាស់ ដោយសារវីរុស COVID-19។ ក្រុមនេះក៏កំពុងពិចារណាថា តើត្រូវបញ្ចូលឧបករណ៍ចាប់សញ្ញានៅខាងក្នុង ឬបង្កើតឯកតា module ដែលអាចភ្ជាប់ជាមួយម៉ាស់ណាមួយ។ គ្រូពេទ្យអាចនឹងប្រើឧបករណ៍នេះដើម្បីធ្វើរោគវិនិច្ឆ័យអ្នកជំងឺភ្លាមៗ ដោយមិនចាំបាច់ប្រមូលសំណាកនិងធ្វើតេស្តពីមន្ទីរពិសោធន៍នោះទេ។
ទោះបីជាលោក Jim Collins និយាយថាម៉ាស់សម្រាប់វីរុស COVID-19 គឺស្ថិតក្នុង “ដំណាក់កាលដំបូង” ប៉ុន្តែគាត់ពេញចិត្តចំពោះលទ្ធផលនេះ។ ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ្នកស្រាវជ្រាវរបស់គាត់បានសាកល្បងសមត្ថភាពរបស់ឧបករណ៍ចាប់សញ្ញា ដោយបានប្រើវាជាមួយនឹងសំណាកទឹកមាត់អ្នកជំងឺ COVID-19 ផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយពួកគេនឹងត្រូវការពេលវេលាច្រើនទៀតក្នុងការសម្រេចវាឡើង ដោយសារការធ្វើតេស្ដត្រូវធ្វើឱ្យប្រាកដ ខណៈដែលពួកគេមានគ្នាតិចផងនោះ៕


អត្ថបទ៖ លីដា
ប្រភព៖ Business Insider