ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ម្សិលមិញ សិង្ហបុរីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៨២ ករណីបន្ថែមទៀត ធ្វើឲ្យចំនួនឆ្លងសរុបកើនជិត៣ម៉ឺននាក់

    BY autoadmin May 18, 2020
    ម្សិលមិញ សិង្ហបុរីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៨២ ករណីបន្ថែមទៀត ធ្វើឲ្យចំនួនឆ្លងសរុបកើនជិត៣ម៉ឺននាក់

    សិង្ហបុរី៖ ក្នុងថ្ងៃអាទិត្យទី ១៧ ខែឧសភា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦៨២ ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជំងឺសរុបកើនជិតដល់ ៣​ ម៉ឺនករណី។ ក្នុងចំណោមករណីឆ្លងថ្មីទាំងនេះ ភាគច្រើនគឺបានកើតឡើងក្នុងចំណោមកម្មករបរទេសដែលមានការប្រាស្រ័យទាក់ទងគ្នានិងរស់នៅក្នុងអគារស្នាក់នៅរួមគ្នាផងដែរ។ ដោយឡែក ៤ ករណីបានកើតឡើងក្នុងចំណោមពលរដ្ឋសិង្ហបុរី​ ដែលក្នុងនោះ ១ ករណីគឺកើតឡើងចំពោះបុរសអាយុ ២៤ ឆ្នាំ​ ដែលមានការទាក់ទងជាមួយក្រុមកម្មករបរទេស ខណៈ ៣ ករណីផ្សេងទៀតគឺកើតឡើងចំពោះពលរដ្ឋសិង្ហបុរី ដែលគ្មានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ និងគ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសឡើយ។

    យ៉ាងណាក្តី ក្នុងថ្ងៃដដែលនេះក៏មានដែរអ្នកជាស្បើយចំនួន ៩៩៨ ករណី ហើយពួកគាត់ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញផងដែរ ក្រោយទទួលបានការព្យាបាលនិងធ្វើតេស្តអវិជ្ជជាមួយនឹងមេរោគជាច្រើនដង។ ចំណុចល្អមួយទៀតគឺគេបានកត់សម្គាល់ឃើញថា ករណីចម្លងតាមសហគមន៍ក្នុងចំណោមពលរដ្ឋសិង្ហបុរី ហាក់បន្តថយចុះគួរឲ្យគត់សម្គាល់ក្នុងរយៈពេល ១ សប្តាហ៍ចុងក្រោយនេះ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះសិង្ហបុរីមានករណីអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៨ ០៣៨ ករណី ស្លាប់ ២២ ករណី និងជាសះស្បើយសរុបចំនួន ៩ ៣៤០ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: