រថយន្តដឹកដីពាក់ស្លាកលេខខេមរភូមិន្ទ បើកបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹង បណ្តាលឲ្យតៃកុងកង់បីស្លាប់យ៉ាងអាណោចអាធ័ម ឯតៃកុងឡានរត់បាត់ស្រមោល
រាជធានីភ្នំពេញ ៖ រថយន្ដអាបែនដឹកដីមួយគ្រឿង បើកបុកម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្បែរការ៉ាសាំងPTT ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដអាបែនមួយគ្រឿង ក្បាលពណ៌ស្លែពាក់ស្លាកលេខខេមរភូមិន្ទ 02 3-5687 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈពេលមកផ្លូវបំបែកជាបួន កែងផ្លូវ១០០៣ ក៏មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សលាយខៀវខ្ចី ពាក់ស្លាកលេខភ្នំពេញ 1HV-2923 ជិះដោយបុរសម្នាក់ បានជិះបត់មកផ្លូវឧកញ៉ាម៉ុងរិទ្ធី ក៏ត្រូវរថយន្ដអាបែនដឹកដីខាងបើកបុកចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសជាម្ចាស់កង់បីឥណ្ឌា ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ យ៉ាងអាណោចអាធ័ម ចំណែកឯម្ចាស់រថយន្ដបង្កឃើញដូច្នេះក៏ចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងកន្លែងកើតហេតុបានធ្វើការវាស់វែង យកសពជនគ្រោះទៅប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ រីឯម៉ូតូកង់បីឥណ្ឌានិងរថយន្ដបង្កសមត្ថកិច្ចយកទៅរក្សាទុកសិនរងចាំសាច់ញាតិនិងម្ចាស់រថយន្ដបង្កចូលខ្លួនទៅដោះស្រោយគ្នានៅពេលក្រោយ៕






អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត