សាំងហ្គាពួរម្សិលមិញរកឃើញករណីកូវីដ១៩ ថ្មីចំនួន ៣០៥នាក់ ដែលនាំឱ្យករណីសរុបកើនដល់ ២៨,៣៤៣នាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានបញ្ជាក់ពីករណីថ្មីនៃវីរុស COVID-19 ចំនួន ៣០៥នាក់ នារសៀលថ្ងៃច័ន្ទ ទី១៨ ខែឧសភា ហើយក្នុងនោះមានស្ត្រីម្នាក់ធ្លាប់បានទៅធ្វើការនៅស្ថានីយ Bishan MRT មុនពេលដឹងខ្លួនថាវិជ្ជមានជាមួយវីរុស។ ក្រសួងសុខាភិបាលបាននិយាយថា ស្ដ្រីម្នាក់នោះជាករណីមួយក្នុងចំណោមករណីជនជាតិសាំងហ្គាពួរថ្មី ២នាក់ ដែលបានរាយការណ៍ ហើយគាត់គ្មានទំនាក់ទំនងជាមួយអ្នកឆ្លងមុនៗទេ។

ស្ដ្រីនោះនៅតែបន្ដទៅធ្វើការនៅស្ថានីយ៍ Bishan MRT ហើយចាប់ផ្តើមមានរោគសញ្ញានៅថ្ងៃទី១៤ ខែឧសភា និងរកឃើញថាវិជ្ជមាននៅថ្ងៃទី១៧ ខែឧសភា។ អ្នកជំងឺសាំងហ្គាពួរម្នាក់ទៀតជាបុរសអាយុ ៥០ឆ្នាំ ដែលបានទៅធ្វើការនៅផ្លូវ ១០២០ Tai Seng ។ គាត់មានទំនាក់ទំនងជាមួយនឹងការឆ្លងជាចង្កោមនៅទីនោះ ដែលឥឡូវនេះមានករណីចំនួន ១២៥ ត្រូវបានបញ្ជាក់។ ដូច្នេះសាំងហ្គាពួរឥឡូវនេះមានការឆ្លង COVID-19 សរុបចំនួន ២៨,៣៤៣ ករណី និងមានមនុស្សសរុប ២២នាក់ បានស្លាប់ដោយសារវីរុស។ ក្នុងចំណោមករណីថ្មីទាំង ៣០៥ ដែលត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទ មានអ្នកជំងឺ ៣០៣នាក់ គឺជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia