ថៃរកឃើញករណីកូវីដ១៩ ថ្មីចំនួន ២ បន្ថែមទៀត ដែលនាំឱ្យករណីសរុបកើនដល់ ៣,០៣៣ នាក់
វេជ្ជបណ្ឌិតលោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ស្ថានភាពវីរុស COVID-19 របស់រដ្ឋាភិបាលបានរាយការណ៍ថា ប្រទេសថៃបានរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន ២នាក់ និងគ្មានអ្នកស្លាប់ថ្មីណាម្នាក់នោះទេក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ តួលេខនេះនាំឱ្យចំនួនអ្នកឆ្លងវីរុសសរុបនៅប្រទេសថៃកើនដល់ ៣,០៣៣ នាក់ ខណៈការស្លាប់មានសរុប ៥៦ករណី។ នេះបើតាមការចុះផ្សាយរបស់ The Nation Thailand សម្រាប់ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

ករណីថ្មីៗនេះគឺជាកូនស្រីអាយុ ៣៦ឆ្នាំម្នាក់ និងកូនប្រសារអាយុ ៤២ឆ្នាំ របស់អ្នកជំងឺ COVID-19 នៅខេត្ត Narathiwat ។ គួរជម្រាបដែរថាសព្វថ្ងៃនេះចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃមានចំនួន ៣,០៣៣ ក្នុងនោះមាន ១២០ករណី កំពុងសម្រាកព្យាបាល ខណៈមាន ២,៨៥៧ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញ និងការស្លាប់សរុបមាន ៥៦នាក់៕



អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand