តួលេខ៣ខ្ទង់រាល់ថ្ងៃ! សាំងហ្គាពួររកឃើញករណីថ្មីចំនួន ៥៧០នាក់បន្ថែមទៀត ដែលនាំឱ្យករណីសរុបមានច្រើនជាង ២៩,០០០នាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ចំនួនករណីឆ្លងវីរុស COVID-19 នៅប្រទេសសិង្ហបុរីបានកើនលើសពី ២៩,០០០ នាក់ គិតត្រឹមថ្ងៃពុធ ទី២០ ខែឧសភា បន្ទាប់ពីមានករណីថ្មីចំនួន ៥៧០នាក់ ត្រូវបានបញ្ជាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ភាគច្រើននៃករណីទាំងនោះគឺជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស និងមានតែ ២ករណី ជាអ្នកសាំងហ្គាពួរផ្ទាល់។

តួលេខនេះនាំឱ្យមានករណីសរុបនៅក្នុងប្រទេសសាំងហ្គាពួរមានដល់ ២៩,៣៦៤ករណី។ ក្រសួងសុខាភិបាលបានបន្ថែមថា ព័ត៌មានលម្អិតនិងបច្ចុប្បន្នភាពបន្ថែមទៀតនឹងត្រូវផ្តល់ជូននៅពេលក្រោយ។ ថ្វីបើតួលេខអ្នកឆ្លងនៅសាំងហ្គាពួរនៅតែមាន ៣ខ្ទង់ ប៉ុន្តែប្រទេសនេះនៅតែគ្រោងបន្ធូរបន្ថយការរឹតត្បឹតដើមខែក្រោយដដែល ដោយសារតែករណីក្នុងស្រុកគឺថេរ និងមានតិចតួចបំផុត។
អាជីវកម្មរួមទាំងក្រុមហ៊ុនផលិតដែលប្រតិបត្តិការនៅក្នុងស្ថានភាព ដែលមានហានិភ័យឆ្លងទាបនឹងត្រូវបានអនុញ្ញាតឱ្យបើកវិញធម្មតា។ ហាងលក់រាយភាគច្រើននឹងមិនបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ទេ ហើយការបើកហាងអាហារ និងភេសជ្ជៈក៏មិនទាន់ត្រូវបានអនុញ្ញាតដែរ ហើយកន្លែងលេងកីឡា និងកន្លែងកម្សាន្តនានាក៏នឹងត្រូវបន្ដបិទផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia