រលឹមស្រិចៗ បើកលឿនពេក ស្រាប់តែរអិលជ្រុលចង្កូតបុកឡើងសួនពុះចែកផ្លូវ ក្រឡាប់ផ្ងារជើងបោកផ្ទប់ជាប់បង្គោលភ្លើងកណ្ដាលផ្លូវ៥០ម៉ែត្រ
រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ(HYUNDAI LIBERO) មួយគ្រឿង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈមេឃកំពុងរលឹមភ្លៀងស្រិចៗ ស្រាប់តែរេចង្កូតបុកឡើងលើសួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងផ្ទប់ជាប់បង្គោលភ្លើងបំភ្លឺផ្លូវ តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំ និងបង្គោលភ្លើងទ្រេតបន្តិចផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០៨:០០នាទីយប់ ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ PTT (ថ្មី) លើកំណាត់ផ្លូវ៥០ម៉ែត្រ ខាងកើតស្តុបបាគូប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយក្រុមការងារខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ ដំបូងឡើយ គេបានឃើញរថយន្តឃ្លប់ដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI LIBERO) ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AS-0318 បើកបរដោយបុរសម្នាក់ និងមានព្រូរថយន្ត២នាក់ទៀតរួមដំណើរជាមួយ ដែលត្រលប់មកពីដឹកទឹកសុទ្ធ និងភេសជ្ជៈផ្សេងៗវិញ បំណងត្រលប់ទៅកន្លែងស្នាក់នៅ ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមេឃកំពុងតែរលឹមភ្លៀងស្រិចៗផង ស្រាប់តែបួងចង្កូតជ្រុលក៏រអិលទើបរេចង្កូតមកខាងស្ដាំដៃ បុកឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងផ្ទប់ជាប់បង្គោលភ្លើងបំភ្លឺផ្លូវ តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំ និងបង្គោលភ្លើងទ្រេតបន្តិចផងដែរ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលដង្កោ បានចុះក៏មកដល់ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌ ចុះមកពិនិត្យមើលជាក់ស្ដែង ឃើញមិនខូចខាតដល់សម្បត្តិរដ្ឋ ទើបអនុញាតិឲ្យម្ចាស់រថយន្តបង្ក ហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត