សូមកុំប្រហែសខ្លួន! ករណីកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងជាង ៥លាននាក់ និងស្លាប់សរុបជិត ៣៣ម៉ឺននាក់
ករណីវីរុស COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥ លាននាក់ គិតត្រឹមថ្ងៃពុធ ហើយក្នុងសប្ដាហ៍កន្លងមកប្រទេសនៅអាមេរិកឡាទីន បានវ៉ាដាច់សហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ក្នុងនាមជាក្រុមប្រទេសមានករណីថ្មីប្រចាំថ្ងៃកើនឡើង។ វាជាការតំណាងឱ្យដំណាក់កាលថ្មីនៃការរីករាលដាលនៃវីរុសដែលបានឈានដល់ចំណុចកំពូលនៅក្នុងប្រទេសចិនកាលពីខែកុម្ភៈ មុនពេលមានការផ្ទុះទ្រង់ទ្រាយធំកើតឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ក្នុងចំណោមករណីថ្មីៗសរុបចំនួន ៩១,០០០ ករណី ដែលត្រូវបានបញ្ជាក់ពីទូទាំងពិភពលោក គឺមាន ១ ភាគ ៣ ត្រូវបានរាយការណ៍ពីអាមេរិកឡាទីន ហើយប្រទេសនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកមានតែ ២០% ប៉ុណ្ណោះ។

មួយចំនួនធំនៃករណីថ្មីៗទាំងនោះមកពីប្រទេសប្រេស៊ីល ដែលថ្មីៗនេះបានវ៉ាដាច់អាឡឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ដែលបានក្លាយជាការផ្ទុះឡើងធំបំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី។ ករណីនៅក្នុងប្រទេសប្រេស៊ីលឥឡូវនេះកំពុងកើនឡើងក្នុងល្បឿនប្រចាំថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក។ ករណីវីរុស COVID-19 ដំបូងត្រូវបានបញ្ជាក់នៅទីក្រុងវូហានប្រទេសចិន កាលពីថ្ងៃទី១០ ខែមករា ហើយវាបានកើតឡើងនៅទូទាំងពិភពលោកដល់ ១ លានករណី នៅថ្ងៃទី០១ ខែមេសា ហើយចាប់តាំងពីពេលនោះមកករណីថ្មីប្រហែល ១ លានករណី ត្រូវបានរាយការណ៍រៀងរាល់ ២សប្តាហ៍ម្ដង។ វីរុសឆ្លងជាសកល COVID-19 ក៏បានឆក់យកជីវិតមនុស្សប្រហែល ៣២៦,០០០នាក់ នៅក្នុងរយៈពេលជិត ៦ខែ ចាប់តាំងពីវីរុសនេះបានលេចឡើងដំបូងនៅប្រទេសចិន៕



អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ