អាសូរណាស់! មកដល់ពេលនេះ រកមិនទាន់ឃើញក្មេងប្រុសដែលម្តាយជិះម៉ូតូរអិលដួលធ្លាក់ចូលទន្លេនៅឡើយ
ករណីកម្រមួយបានកើតឡើងនៅក្នុងសង្កាត់ កោះអន្លង់ចិន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីម្សិលមិញនេះ ខណៈដែលម្តាយវ័យ១៩ឆ្នាំ ជិះម៉ូតូឌុបកូនអាយុ២ឆ្នាំ យកបាយទៅអោយតៃកុងឡាន ព្រោះគាត់ជាអ្នកធ្វើម្ហូបអោយគេ បានជិះឆ្លងស្ពាន ស្រាប់តែជួបគ្រោះអកុសល ជិះជិតដល់កណ្តាលស្ពាន ម៉ូតូក៏បានរអិលដួល (ក្រោយភ្លៀងធ្លាក់សភាពស្ពានរអិល មានអាចម៌ដីភក់) ក៏បណ្តាលឱ្យកូនប្រុសឈ្មោះ ស្រូយ មានហេង អាយុ ២ឆ្នាំ៥ខែ ខ្ទាតចេញពីម្តាយធ្លាក់តាមចន្លោះបង្កាន់ដៃស្ពាន ចូលក្នុងទឹកទន្លេតែម្តង។

រំពេចនោះ ក្មួយប្រុសរបស់គាត់ក៏បានលោតចុះទៅតាមតែរាវរក ប៉ុន្តពុំបានប៉ះឃើញកុមារានោះទេ។ តាមប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា គិតមកទល់នឹងព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្មេងប្រុសរងគ្រោះពុំទាន់រកឃើញនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ក្មេងប្រុសរងគ្រោះមាន ឪពុកឈ្មោះ ស្រីម ស្រូយ អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ មាស ស្រីណែត អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ៕





