ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា អ្នកធ្វើដំណើរទៅកម្ពុជាទាំងអស់ ទាំងជនជាតិខ្មែរ និងបរទេស ត្រូវតែអនុវត្ត២ចំណុចនេះជាដាច់ខាតពេលមកដល់ទឹកដីខ្មែរ
យោងតាមសេចក្តីជូនដំណឹងពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ថែមថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចខាងក្រោម៖

១. គ្រប់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរទៅកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេសទាំងអស់ គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថា គ្មានមេរោគកូវីដ-១៩ ចេញដោយអាជ្ញាធរសុខភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសនោះក្នុងរយៈពេល ៧២ម៉ោង។
២. អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរទៅដល់កម្ពុជា គឺតម្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
+ ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើនដែលត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
+ ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថាអវិជ្ជមានកូវីដ១៩នោះ ពួកគាត់ត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវអោយធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

អត្ថបទ៖ សេម