រថយន្ត

តើរថយន្តមួយណាដែលត្រូវជំនួសរថយន្ត Lexus ចាស់របស់អ្នក?

BY
Khmernote Media
May 21, 2020

បើយើងក្រឡេកមកមើលភាពពេញនិយមនៃរថយន្ត នៅក្នុងទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ននេះ យើងឃើញថា រថយន្ត Lexus នៅតែនាំមុខគេ តាំពីដើមទស្សវត្សឆ្នាំ 1990 មកម្លេះ ព្រោះរថយន្ត Lexus ជាម៉ូដែលមួយដែលគ្រប់គ្នាដឹងថាវាមានភាពទាន់សម័យ បច្ចេកវិទ្យាខ្ពស់ ហើយនឹងម៉ាស៊ីនខ្លាំង។

បើទោះបីជា Lexus នាំមុខគេក៏ពិតមែន តែបច្ចុប្បន្ននេះ មានម៉ូដែលរថយន្តម៉ាកផ្សេងៗជាច្រើនកំពុងតែប្រជែងដណ្តើមទីផ្សារ ខណៈដែលរថយន្ត Lexus មួយទឹកដែលនាំចូលពីក្រៅប្រទេស នៅតែមានតំលៃថ្លៃ ព្រោះតែម៉ាស៊ីនរបស់វាធំ ដែលតម្រូវអោយបង់ពន្ធនាំចូលថ្លៃដូចគ្នា។ ដូចដែលយើងបានដឹងស្រាប់ហើយថា បច្ចុប្បន្ន រថយន្ត Lexus RX330 ចន្លោះឆ្នាំ 2004 ដល់ 2006 មានតំលៃដល់ $35000 ក៏មានតាមប្រភេទរថយន្ត Full Option រឺ Fully Load។ ចំពោះរថយន្ត Lexus ស៊េរីថ្មីវិញ ដូចជា LX 570 រឺ RX 350 គឺវាត្រូវបានដាក់លក់សម្រាប់តែអភិជន ដែលមានលទ្ធភាព ទិញរថយន្ត លើស $100,000 ទៅ ជាង $200,000 ឯណោះ ហើយបើប្រៀបធៀបចំនួនអ្នកប្រើប្រាស់រថយន្តសរុបទូទាំងប្រទេស គឺមិនមានច្រើនណាស់ណាទេ។

ចំពោះរថយន្តមួយទឹកដែលនាំចូលវិញ ដូចជាម៉ូដែល RX330 ភាគច្រើនជារថយន្តដេញថ្លៃ ដែលគេឈប់ប្រើប្រាស់ ហើយត្រូវបានបញ្ជូនមកលក់នៅស្រុកយើង ក្នុងតំលៃដល់ជាង $30,000 (ប្រភេទ Full Option)។ បើគិតពីអាយុកាលរថយន្តមួយប្រភេទនេះវិញ វាមានអាយុមិនក្រោម 10ឆ្នាំនោះទេ ហើយការប្រើប្រាស់ខ្លះអាចលោតដល់លើស 200,000 គីឡូម៉ែត្រថែមទៀតផង ដោយពេលខ្លះ User រឺ អ្នកប្រើប្រាស់នៅកម្ពុជា អាចជួបបញ្ហា ទិញឡានខុស ចំរថយន្តបុកប៉ះធ្ងន់ធ្ងរ បែកពោង កាត់ត និងខ្លះទៀតជួបបញ្ហា ខូចប្រអប់លេខ ម៉ាស៊ីន រឺគ្រឿងក្រោមជាដើម និងខ្លះទៀតត្រូវជួសជុលញឹកញាប់ ដែលខាតទាំងថវិកា និងពេលវេលាថែមទៀតផង។

ខាងក្រោមនេះជាការប្រៀបធៀបមួយដែលអាចជាជំនួយក្នុងការសម្រេចចិត្តជ្រើសរើសរថយន្តទៅតាមថវិការបស់លោកអ្នកដែលមិនចង់ចំណាយលុយខុស រឺមិនចង់ប្រើប្រាស់រថយន្ត Lexus មួយទឹកពីក្រៅប្រទេស៖

ជំនួសរថយន្ត Lexus RX330 ឆ្នាំ 2006 របស់អ្នកដោយ MG RX5 2020.

រថយន្ត Lexus Rx330 ឆ្នាំ 2006 បច្ចុប្បន្នមានតម្លៃជាមធ្យម 35000 ដុល្លារ (Full Option) ក្នុងការផ្សព្វផ្សាយរបស់ Khmer24 តែបើលោកអ្នកថែម 5000 ដុល្លារ ទៀត អ្នកអាចទទួលបាន MG RX5 2020 ដែលដាក់លក់នាខែឧសភាក្នុងតម្លៃ 39900 ដុល្លារ។ ជាការពិតណាស់ Rx330 ផ្តល់ជូននូវម៉ាស៊ីន V6 ប៉ុន្តែស៊ីសាំងខ្លាំងដល់ទៅ ១២.៥ លីត្រក្នុង ១០០ គីឡូម៉ែត្របើធៀបនឹង RX5 គឺស៊ីសាំងតែ ៧ លីត្រប៉ុណ្ណោះនៅលើផ្លូវ។ បើនិយាយពីជំរើសនានា RX5 មានជំរើសដូចជា Apple Car Play ដែលមិនមាននៅក្នុងឡាន Rx330 2006 នោះទេ ចាប់តាំងពីបច្ចេកវិទ្យាបានវិវត្តខ្លួនអស់រយៈពេល ១៤ ឆ្នាំមកហើយ! ជាការពិតណាស់តម្លៃនេះបានរួមបញ្ចូលទាំងការធានារយៈពេល ៣ ឆ្នាំផងដែរខណៈដែលកម្រមានការធានាដែលត្រូវបានបញ្ចេញដោយអ្នកចែកចាយក្នុងទីផ្សារឡានមួយទឹក។ ហើយប្រសិនបើអ្នកអាចបន្ថែមប្រាក់ដុល្លារបន្តិចទៀត អ្នកក៏អាចស្ទុះរករថយន្ត MG HS 2020 ដែលជាម៉ូឌែលចុងក្រោយបង្អស់ដែលចេញដោយ MG Cambodia ផងដែរ។

ជំនួសឡាន Lexus LX570 ស៊េរីចាស់ 2008 របស់អ្នកដោយរថយន្ត Toyota Fortuner TRD 2020

ចំពោះរថយន្ត Lexus LX570 ឆ្នាំ 2008 ដែលដាក់លក់នៅលើទីផ្សារ អាចមានតំលៃចន្លោះ 70,000 ទៅ​ 80,000 ប៉ុន្តែលោកអ្នកក៏អាចសម្លឹងមើលរថយន្ត Toyota Fortuner TRD 2020 ដែលមានតំលៃប្រហាក់ប្រហែលនឹងឡានមួយទឹកមួយនេះ ដោយមានការធានាផ្សេងៗ ហើយជារថយន្តថ្មីថែមទៀតផង។

ជំនួសរថយន្តម៉ាក Lexus GS 2006 របស់អ្នកដោយរថយន្ត Mazda 2 2020

រថយន្ដ Lexus GS 2006 មានទំហំធំជាងឡាន Mazda 2 តែ Mazda 2 ដែលជារថយន្តលក់ដាច់បំផុតនៅកម្ពុជាលើផ្នែករថយន្តថ្មីផ្តល់នូវភាពងាយស្រួលជាច្រើន។ តម្លៃប្រហែល 30,000 ដុល្លារ ក្រោមការផ្សព្វផ្សាយ, រថយន្ត Mazda 2 បានអង្រួនចិត្តអ្នកនៅលីវនិង គូស្វាមីភរិយាវ័យក្មេងអោយជ្រើសរើសយករថយន្តដែលផលិតនៅក្នុងប្រទេសជប៉ុននេះបើតាមការស្ទង់មតិយ៉ាងច្រើនពីពួកគាត់។

Share This Post: