អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ករណីវិជ្ជមានកូវីដ-១៩ ថ្មីមិនមែនរកឃើញនៅខេត្តកំពតទេ សូមកុំយល់ច្រឡំ
កូវីដ-១៩ May 21, 2020 Khmernote

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ម្តងទៀតនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះថា ករណីវិជ្ជមានកូវីដ-១៩ ដែលកម្ពុជាទើបរកឃើញថ្មីនេះ មិនមែនរកឃើញនៅខេត្តកំពតទេ គឺគាត់ជាអ្នកដំណើរវិលមកពីហ្វីលីពីន តែយើងរកឃើញពេលមកដល់ដែលយើងមិនទាន់ឲ្យចេញទៅណានោះទេ ឥឡូវបញ្ជូនទៅសម្រាកពេទ្យហើយ។ លោកជំទាវបានបញ្ជាក់ទៀតថា ចំពោះបុរសខាងលើគាត់មានផ្ទះសម្បែងនៅខេត្តកំពត ប៉ុន្តែមិនទាន់ទៅដល់ផ្ទះនោះទេ។

សាររបស់លោកជំទាវ ឱ វណ្ណឌីន បានផ្ញើរទៅកាន់អ្នកសារព័ត៌មាន ជាការបញ្ជាក់និងកុំអោយបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពតមានការភ្ញាក់ផ្អើល។ គួរបញ្ជាក់ផងដែរថា នៅក្នុងយន្តហោះដែលបុរសខាងលើបានធ្វើដំណើរនោះមានអ្នកដំណើរសរុប៦៣នាក់ ក្នុងនោះមាន ជនជាតិកូរ៉េ ២៣នាក់ (ស្រី៣នាក់) បុរសជនជាតិប៊ែលហ្សិក១នាក់ បុរសជនជាតិហូឡង់១នាក់ ជនជាតិជប៉ុន៣នាក់ (ស្រី១នាក់) ជនជាតិខ្មែរ ៣៤នាក់ (ស្រី១០នាក់)។ ហើយបច្ចុប្បន្នបុរសជនជាតិខ្មែរដែលរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តខ្មែរ-សូវៀត ចំណែកឯអ្នកដំណើរ៦២នាក់ផ្សេងទៀត ត្រូវបានយកទៅធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ៕