កូវីដ-១៩

ប្រទេសថៃរកមិនឃើញករណីកូវីដ១៩ ថ្មីទេនៅថ្ងៃនេះ ប៉ុន្តែដាស់តឿនពលរដ្ឋថាមិនត្រូវឆាប់ភ្លេចវានោះទេ

BY
autoadmin
May 22, 2020

អ្នកនាំពាក្យឆ្លើយតបនឹងស្ថានភាពវីរុស COVID-19 តាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ប្រទេសថៃរកមិនឃើញមានករណីឆ្លងថ្មីណាមួយនោះទេ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ប៉ុន្តែប្រជាជនគួរតែប្រុងប្រយ័ត្នពីព្រោះវានៅតែអាចមានការឆ្លងនៅក្នុងសហគមន៍ដែលមិនអាចមើលឃើញបាន។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រដ្ឋាភិបាលថៃបាននិយាយថា ក្នុងរយៈពេលពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែឧសភា មានករណីឆ្លងសរុបចំនួន ៤៥ ត្រូវបានបញ្ជាក់នៅក្នុងប្រទេស ហើយក្នុងនោះមាន ២០នាក់ បានឆ្លងពេលត្រឡប់ពីបរទេស ខណៈករណី ២៥នាក់ផ្សេងទៀតជាករណីក្នុងស្រុក។

ការឆ្លងក្នុងស្រុកទាំង ២៥ រួមមានមនុស្ស ១១នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីដែលបានបញ្ជាក់ពីមុនៗ ដោយមាន ៦នាក់ ត្រូវបានរកឃើញដោយការធ្វើតេស្តនៅតាមសហគមន៍, ៥នាក់ បានទៅកន្លែងដែលមានមនុស្សច្រើន និង ៣នាក់ ជាអ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់។ ក្នុងចំនោមអ្នកឆ្លងសរុបទាំងអស់ ៣,០៣៧ ករណី មានអ្នកជំងឺចំនួន ២,៩១០ បានជាសះស្បើយនិងរំសាយទៅផ្ទះ ខណៈដែលអ្នកជំងឺកំពុងសម្រាកនៅពេទ្យនៅសល់ ៧១នាក់ ហើយអ្នកស្លាប់នៅរក្សាត្រឹមចំនួន ៥៦នាក់ដដែល។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះនៅទូទាំងពិភពលោកមានអ្នកឆ្លងវីរុស COVID-19 សរុប ៥.១៩ លាននាក់ ដោយមានមនុស្សស្លាប់សរុបចំនួន ៣៣៤,៦២១នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: