ព័ត៌មានជាតិ

សាច់ញាតិយំបោកខ្លួន! ក្មេងប្រុសស្រី២នាក់ តាមឪពុកទៅបង់សំណាញ់ បែរជាលង់ទឹកស្លាប់គួរឲ្យអាសូរ

BY
Khmernote Media
May 23, 2020

កណ្តាល ៖ មានករណីលង់ទឹកបណ្ដាលឲ្យស្លាប់ក្មេងប្រុសស្រី២នាក់ គួរឲ្យអាណោចអាធ័ម​ ខណៈពេលតាមឪពុកទៅ​បង់សំណាញ់ ហេតុការណ៍កេីតឡេីងវេលាម៉ោង០៤:៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំនុចត្រពាំងអង្គ ស្ថិតនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

សពជនរងគ្រោះទាំង២នាក់មាន៖១-ឈ្មោះ ខុំ វ៉ាន់ ភេទ ប្រុស អាយុ៩ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិឃុំខាងលើ និងមានឪពុកឈ្មោះ ញ៉ សុខុម អាយុ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ និងម្ដាយឈ្មោះ នាង ជ្រឿន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ។

២-ឈ្មោះ ធូ ណារី ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំខាងលើនិងមានឪពុក ឈ្មោះ ធី ចាន់ធូ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែកនិងម្ដាយឈ្មោះ ញ៉ គៀង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ។

ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅថ្ងៃទី២២ ឧសភា វេលាម៉ោង១៦និង១៤នាទី ឪពុកបង្កើតរបស់ជនរងគ្រោះបានយកសំណាញ់ទៅបង់ត្រីនៅត្រពាំងអង្គកូនប្រុសនិងក្មួយស្រីបង្កើតទៅតាមពេលដល់ត្រពាំងអង្គឪពុកបានបង់សំណាញ់នៅខាងជើងត្រពាំងអង្គ (មានជំរៅមួយកាវរបស់​អេស្កាវ៉ាទ័រ) កូនប្រុសនិងក្មួយស្រីលេងទឹកនៅខាងត្បូង ។

ប្រភពដដែលបានបន្តទៀតថាលុះកំពុងលេងទាំងពីរនាក់បងប្អូនមិនចេះហែលទឹកផង។ ហើយដោយឪពុកមិនចាប់អារម្មណ៍ផងកូនបានស្រែកហៅឪពុកឲ្យជួយឪពុកបានលឺក៏ក្រលេកមើលត្បូងឃើញកូនក៏បានទំលាក់សំណាញ់ចុះរត់មកជួយកូន ប៉ុន្តែទំរាំមកដល់ឪពុកទន់ជើងស្លុតស្មារតីបានឈរមើល ហើយស្រែកយំឲ្យជួយកូនប្រុស និងក្មួយស្រីបានលង់ទឹក បានសន្ទុះក្រោយមក បានមានប្រជាពលរដ្ឋនៅក្បែរនោះ រត់ទៅជួយ ហើយទំរាំរកឃើញប្រហែលជាកន្លះម៉ោង ទើបរកឃើញក្មេងទាំងពីរនាក់នោះ តែជាអកុសលពួកគេបានលង់ទឹកស្លាប់បាត់អស់ហើយ។ ក្រោយមកលោកមេភូមិតានូបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតាមទូរស័ព្ទប្រាប់ថា មានក្មេងលង់ទឹកស្លាប់។

បន្ទាប់មកសមត្ថកិច្ចជំនាញពិនិត្យហេតុស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិបានធ្វើការពិនិត្យពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ ដោយបានធ្វើការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតមែន ។ បច្ចុប្បន្នក្រោយពីពិនិត្យរួច សពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Share This Post: