ប្រទេសថៃរកឃើញករណីកូវីដ១៩ ថ្មីចំនួន ៣នាក់ ដែលនាំឱ្យករណីសរុបកើនដល់ ៣,០៤០នាក់
កូវីដ-១៩ May 23, 2020 lyda

អ្នកស្រីវេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយនៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះថា ប្រទេសថៃរកឃើញករណី COVID-19 ថ្មីចំនួន ៣នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យករណីសរុបមានដល់ ៣,០៤០ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ទន្ទឹមនឹងនេះដែរមានមនុស្សចំនួន ៦នាក់ទៀត បានជាសះស្បើយនិងបានវិលត្រឡប់ទៅផ្ទះវិញ ដោយនាំឱ្យការជាសះស្បើយកើនសរុបចំនួន ២,៩១៦ នាក់ ចំណែកចំនួនអ្នកស្លាប់មិនផ្លាស់ប្តូរទេ គឺនៅមាន ៥៦នាក់ដដែល។

ក្នុងចំណោមករណីថ្មីៗនេះមាន ២ករណី គឺជាជនជាតិថៃ ដែលម្នាក់ជាសិស្សមកពីអេហ្ស៊ីប និងម្នាក់ទៀតជាបុគ្គលិកស្ប៉ាមកពីប្រទេសឥណ្ឌា ហើយពួកគេត្រូវបានរកឃើញពីកន្លែងនៅដាច់ដោយឡែករបស់រដ្ឋាភិបាល។ ចំណែកអ្នកជំងឺម្នាក់ទៀត គឺជាបុរសជនជាតិអ៊ីតាលីដែលរស់នៅភូកេត។ អ្នកស្រី Panprapa Yongtrakul បាននិយាយថា គិតមកទល់ពេលនេះមានករណីសរុបចំនួន ១០៤ ត្រូវបានរកឃើញនៅក្នុងកន្លែងនៅដាច់ដោយឡែករបស់រដ្ឋាភិបាលដែលភាគច្រើនជាបុរស។ ចំណែកករណីនៅទូទាំងពិភពលោកមាន ៥ លាននាក់ ខណៈមានមនុស្សស្លាប់ប្រហែល ៣៤០,០០០ នាក់។ ភាគច្រើននៃអ្នកជំងឺថ្មីត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិក ខណៈពេលដែលប្រទេសឥណ្ឌាជាប្រទេសអាស៊ីដែលមានករណីថ្មីៗច្រើនបំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand