ព័ត៌មានជាតិ

ជិះម៉ូតូ Click វ៉ាជែងរថយន្តមិនប្រយ័ត្នប៉ះដៃចង្កូត ដួលចូលគន្លងម្ខាងទៀតត្រូវរថយន្ដ PRIUS បើកលឿនចាប់ហ្វ្រាំងមិនទាន់ កិនស្លាប់មួយរំពេច

BY
Khmernote Media
May 23, 2020

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូ Click បោះពួយជែងរថយន្តមួយគ្រឿងនៅខាងមុខ បណ្ដាលឲ្យប៉ះដៃចង្កូតដួល ត្រូវរថយន្ដ PRIUS មួយគ្រឿងទៀត ដែលបើកបរដោយបុរសម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយច្រាសទិសដៅគ្នាកិនស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៣:៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ២៣-២៤ ស្ថិតក្នុងភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ បើកបរម៉ូតូម៉ាក ហុងដាឃ្លីក (Click) ធុនសេ១២៥ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ កណ្តាល1AH-6989 ។ ចំណែករថយន្ដម៉ាកព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AZ-0065 បើកបរដោយបុរសម្នាក់មិនស្គាល់អត្ដសញ្ញាណ(រត់គេចខ្លួន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកម៉ូតូខាងលើបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង លុះមកជិតដល់កន្លែងកើតហេតុ ជនរងគ្រោះបានបន្ថែមល្បឿនម៉ូតូ ដើម្បីជែងរថយន្តមិនចាំម៉ាកមួយគ្រឿងទៀតនៅខាងមុខ តែប៉ះដៃចង្កូត ធ្វើឲ្យជនរងគ្រោះដួលខ្ទាតចូលទៅក្នុងចំណែកផ្លូវម្ខាងទៀត ធ្វើឲ្យរថយន្ដព្រូស របស់បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត ដែលកំពុងបើកបរច្រាសទិសគ្នា ចាប់ហ្រ្វាំងឈប់មិនទាន់ ក៏កិនជនរងគ្រោះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង ។ ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្តបានចុះមកឈរមើលជនរងគ្រោះដែរ ឃើញសភាពមិនស្រួលក៏បាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុក បានចុះធ្វើការពិនិត្យវាស់វែង កសាងសំណុំរឿងយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងទៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិដើម្បីប្រគល់ឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: