ព័ត៌មានជាតិ

ឆេះរថយន្ដដឹកគ្រឿងអគ្គិសនីមួយគ្រឿងយ៉ាងសន្ធោសន្ធៅ បំផ្លាញគិតជាទឹកប្រាក់ជិត៤ម៉ឺនដុល្លារ នៅក្នុងបុរីឡាយគង់

BY
Khmernote Media
May 23, 2020

រាជធានីភ្នំពេញ៖ គ្រឿងអគ្គិសនីពេញទូរថយន្តបានក្លាយទៅជាផេះក្រោមអណ្តាតព្រះអគ្គី ខណៈឆេះរថយន្តខ្ទេចស្ទើរទាំងស្រុងគិតជាទឹកប្រាក់អស់ជិត៤ម៉ឺនដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៤អឺ បុរីឡាយគង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់រថយន្ដដែលឆេះនេះ មានឈ្មោះ អ៊ួន រាជ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៤អឺ បុរីស្រេង គង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់គ្រឿងអគ្គិសនី ។

ក្នុងនោះ បើតាមការបញ្ជាក់ពីសមត្ថកិច្ច ការឆាបឆេះនេះ គឺផ្តើមចេញពីការទុស្សេខ្សែភ្លើង បានឆេះបំផ្លាញ រថយន្ត០១គ្រឿងម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3E-9020 ចំណុះ ៣,៥តោន និងសម្ភារៈអគ្គីសនីក្នុងរថយន្ដ គិតជាប្រាក់ប្រមាណជិត ៤ម៉ឺនដុល្លារ និងគ្មាននរណាម្នាក់រងរបួសនោះឡើយ ។

ភ្លាមៗកម្លាំងនគរបាលមូលដ្ឋាន ក៏ដូចជារថយន្តពន្លត់អគ្គិភ័យបានចុះទៅធ្វើការបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តសរុប ០៣គ្រឿង រួមមាន រថយន្ដពន្លត់អគ្គីភ័យចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ០២គ្រឿង និងរថយន្ដពន្លត់អគ្គីភ័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០១គ្រឿង ស្មើ ១២ម៉ែត្រគូប ទើបរលត់ទៅវិញនៅវេលាម៉ោង ២និង១៧នាទី នាថ្ងៃខែឆ្នាំដដែល ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: