ព័ត៌មានជាតិ

ដួលម៉ូតូកន្លែងស្ងាត់ផ្លូវក្រោមដី ហើយមានយុវជនម្នាក់ស្ទុះមករកជនរងគ្រោះ ទំនងមកបន្លំលួចទ្រព្យសម្បត្តិ

BY
Khmernote Media
May 25, 2020

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយខ្លួនឯង ខណៈបុរសម្នាក់ ទំនងជាស្រវឹងស្រា បានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចផ្លូវកោងចូលក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកឃឿនផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០:៥០នាទីយប់ថ្ងៃទី ២៤ខែឧសភាឆ្នាំ២០២០ នៅតាមផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HG-3968 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមផ្លូវ២១៧ ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើត្រង់ចំណុចផ្លូវកោង ក្រោមដីស្ពានអាកាសស្ទឹងមានជ័យ មិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកឃឿនផ្លូវពេញទំហឹង បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង រងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះគេឃើញយុវជនម្នាក់ រត់ចុះមកពីប្លុកក្រោមស្ពានស្ទឹងមានជ័យ ទាំងដោះស្បែកជើងមកជិតជនរងគ្រោះ ទំនងលួចទ្រព្យសម្បត្តិ តែបន្តិចក្រោយមកត្រូវបានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ មកដល់ក៏សួរនាំរួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនសួគា៍ មកដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកភ្លាមៗផងដែរ ។

បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះមកដល់យកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ដើម្បីរងចាំប្រគល់ជូនសាច់ញាតិមកយកត្រលប់ទៅវិញ៕

អត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: