ព័ត៌មានជាតិ

ជិះម៉ូតូសុខៗសោះ ត្រូវរថយន្តគេបុកគ្នា ហើយជ្រុលមកបុកខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ

BY
Khmernote Media
May 25, 2020

កណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបន្តបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់រួមទាំងខូចខាតរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងទៀត ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ២០និង១០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លើបណ្ដោយផ្លូវជាតិលេខ២ ចំណុចគីឡូម៉ែត្រ២៣-២៤ ភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថានៅយប់កើតហេតុនៅចំណុចភូមិឃុំកើតហេតុខាងលើ រថយន្តម៉ាកហាយឡែនឌ័រប្រភេទទេសចរណ៍ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AI-6249 បើកបរដោយឈ្មោះ ហ៊ិន សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលរងរបួសស្រាល បើកបរក្នុងទិសដៅពីត្បូងមកជើង គឺពីកែវមកភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ម៉ាក LEXUS RX300 ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0710 ពីភ្នំពេញទៅតាកែវ ចំទ្រូងផ្លូវបណ្ដាលឲ្យ រថយន្តម៉ាកLEXUS RX300 ដាច់កង់មុខផ្នែកខាងឆ្វេង រេចង្កូតមកខាងឆ្វេងធ្លាក់ពីលើផ្លូវ រីឯរថយន្តម៉ាក Highlander បានជ្រុលទៅបុកនឹង ម៉ូតូមួយគ្រឿងទៀតដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង ពីភ្នំពេញទៅតាកែវ ក៏បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅនឹងកន្លែងកើតហេតុ។

ប្រភពព័ត៌មានដដែលបានបន្តទៀតថាអ្នកបើកបរម៉ូតូឈ្មោះ ហ៊ិន សុផានិត្យ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដា beat ពណ៌ក្រហមពាក់ស្លាកលេខ កណ្ដាល 1AF-7554។ ដោយឡែកអ្នកបើកបររថយន្ត LEXUS RX300 មានឈ្មោះ មាត់ សែមអរុណសុភា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃព្រហ្ម ឃុំរកាធ្នង់ ក្រុងដូនកែវ ខេត្តតាកែវបានរងរបួសស្រាល។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា មិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ។

គួរជម្រាបថា ចំពោះវត្ថុតាងទាំង៣គ្រឿងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការរដ្ឋានជាបណ្ដោះអាសន្ន។ ចំពោះសាកសពជនរងគ្រោះកម្លាំងជំនាញបានប្រគល់ជូន សាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តទាំងសងខាងកម្លាំងជំនាញបាន ឃាត់ខ្លួននៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: