សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជា ដែលចង់ធ្វើដំណើរពីក្រៅប្រទេសចូលមកកម្ពុជាវិញ មិនបាច់មានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃទី២៧ ឩសភា ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ។

ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហេីយដាក់អោយស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់រោគឆ្លង ទេីបអនុញ្ញាត្តិអោយទៅលំនៅដ្ឋានវិញ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២០ នេះ កម្ពុជាយើងបានរកឃើញវិជ្ជមានកូវីដ-១៩ សរុបទាំងអស់ទូទាំងប្រទេសចំនួន ១២៤នាក់ ហើយ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់យើងបានព្យាបាលជាសះស្បើយ និងមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

