សាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីបន្ថែម ៥៣៣នាក់ ដែលនាំឱ្យករណីសរុបមានជិត ៣៣,០០០ករណី
ក្រសួងសុខាភិបាលបាននិយាយថា សាំងហ្គាពួររកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៥៣៣ ករណី ដែលត្រូវបានបញ្ជាក់ជាបឋមនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយក្នុងនោះមានករណីជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍ ៣ នាក់ប៉ុណ្ណោះ ហើយការស្លាប់សរុបគឺនៅតែ ២៣ នាក់ដដែល។ ភាគច្រើននៃករណីសរុបគឺនៅតែជាពលករបរទេស រស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នារសៀលថ្ងៃពុធនេះ។ តួលេខនេះនាំឱ្យសាំងហ្គាពួរមានករណីសរុបចំនួន ៣២,៨៧៦ នាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាឆ្លងវីរុស COVID-19 ។ ព័ត៌មានលម្អិតបន្ថែមទៀត ក្រសួងនឹងផ្សាយជូននៅពេលរាត្រី។

កាលពីថ្ងៃអង្គារក្រសួងសុខាភិបាលបានបន្ថែមទីតាំងចំនួន ២ ទៅក្នុងបញ្ជីកន្លែងសាធារណៈដែលអ្នកឆ្លង COVID-19 បានទៅលេងយ៉ាងហោចណាស់ ៣០ នាទី មុនពេលដែលពួកគេត្រូវបានរកឃើញថាឆ្លង។ កន្លែងទាំង ២ គឺទី១ ផ្សារលក់សាច់នៅប្លុក ៩៦៣ ផ្លូវ Jurong West និងផ្សារទំនើប FairPrice Xtra នៅក្នុងផ្សារ Jurong ។ ក្រសួងបានដាក់ឈ្មោះទីតាំងទាំងនោះនៅក្នុងបញ្ជី គឺដើម្បីជូនដំណឹងដល់អ្នកដែលនៅកន្លែងទាំងទាំងនោះ តាមដានសុខភាពរបស់ពួកគេយ៉ាងដិតដល់រយៈពេលពីរសប្តាហ៍ គិតចាប់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់ពួកគេ។ យ៉ាងណាក៏ដោយករណីថ្មីៗមានច្រើនតែនៅក្នុងអន្តេវាសិកដ្ឋានពលករ ហើយគ្មានការផ្ទុះឡើងថ្មីៗពីកន្លែងផ្សេងនោះទេ៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times