កូវីដ-១៩

កូរ៉េខាងត្បូងរកឃើញករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៧៩ករណី ដែលជាការកើនឡើងខ្ពស់បំផុតថ្មីមួយទៀតចាប់តាំងពីខែមេសា

BY
autoadmin
May 28, 2020

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៧៩ករណី នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ដែលជាការកើនឡើងប្រចាំថ្ងៃច្រើនបំផុតចាប់តាំងពីថ្ងៃទី០៥ ខែមេសា។ ករណីទាំងនេះត្រូវបានបញ្ជាក់នៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ដែលនាំឱ្យប្រទេសនេះមានករណីសរុបចំនួន ១១ ៣៤៤ និងមនុស្សស្លាប់ចំនួន ២៦៩នាក់។ យ៉ាងហោចណាស់ ៦៨ ករណី នៃករណីថ្មីគឺការឆ្លងរោគក្នុងស្រុក ហើយកើតមានឡើងខណៈដែលអាជ្ញាធរសុខាភិបាលព្យាយាមទប់ទល់នឹងការផ្ទុះឡើង ដែលបានភ្ជាប់ទៅនឹងកន្លែងដឹកជញ្ជូនរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក។

ដូចដែលបានរាយការណ៍កាលពីថ្ងៃពុធ យ៉ាងហោចណាស់មានករណីចំនួន ៣៦ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងនៅឯមជ្ឈមណ្ឌលដឹកជញ្ជូន ដែលដំណើរការដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Coupang នៅទីក្រុង Bucheon ភាគខាងលិចទីក្រុងសេអ៊ូល។ មនុស្សប្រមាណ ៣,៦០០នាក់ នៅឯកន្លែងនោះកំពុងត្រូវបានគេធ្វើតេស្ដ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានបិទមជ្ឈមណ្ឌលនេះកាលពីថ្ងៃច័ន្ទ ហើយបានចាប់ផ្តើមវិធានការកំចាត់មេរោគដែលត្រូវបានណែនាំដោយអាជ្ញាធរ។ ករណីដំបូងទាក់ទងនឹងមជ្ឈមណ្ឌលនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យកាលពីថ្ងៃសៅរ៍ ហើយត្រូវបានគេសង្ស័យថា មានជាប់ទាក់ទងនឹងក្លឹបកម្សាន្តរាត្រីនៅសេអ៊ូលកាលពីដើមខែនេះ ហើយអាជ្ញាធរក៏កំពុងព្រមានពីការឆ្លងចេញពីកន្លែងកម្សាន្តរាត្រីផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: