បើករថយន្តធុនត្រាចេញពីផឹក ក្រឡេកមើលគេដើរឆ្លងផ្លូវ ក៏ជ្រុលទៅបុករបាំងថ្ម បាក់ខ្ទេចអស់៣ផ្ទាំង បើកទៅមុខលែងរួច
រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ចេញពីផឹកស្រវឹងបើករថយន្តធុនត្រា ពាក់ស្លាកលេខភ្នំពេញ 2AX-2543 បោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់លឺដូចរន្ទះ បណ្ដាលឲ្យបាក់អស់៣ផ្ទាំង បាក់កាឡេកង់មុខ បើកទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោង០០:១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចស្តុបមេភ្លើង ផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមសម្ដីបុរសម្ចាស់រថយន្តបានប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនកើតហេតុ គាត់បានចេញមកពីផឹកស៊ីជួបជុំបន្តិចបន្តួចប៉ុណ្ណោះ ដោយបើករថយន្តមួយគ្រឿង ម៉ាកធុនត្រា (TUNDRA) ពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ 2AX-2543 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែក្រឡេកមើលគេដើរតាមផ្លូវ ស្រាប់តែហួសផ្លូវបត់ទៅផ្ទះ ក៏ជ្រុលចង្កូតទៅបុកចំរបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹងលាន់លឺដូចរន្ទះ បណ្ដាលឲ្យខ្ទាតរបាំងថ្មបាក់អស់៣ផ្ទាំង (រលំអស់២ផ្ទាង) ខ្ទេចរថយន្តអស់មួយកំណាត់មុខ បើកទៅមុខលែងរួចតែម្ដង និងមិនបណ្ដាលឲ្យគាត់រងគ្រោះថ្នាក់អ្វីទេ ព្រោះផ្ទុះពោងសុវត្ថិភាពចេញពីដៃចង្កូត ទើបមិនរងរបួសអ្វីនោះទេ ហើយក៏បានឡើងជិះរថយន្តមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់ទៅ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយលើការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋនៅពេលក្រោយ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត