កូវីដ-១៩

វីរុសកូវីដ១៩ ពេលនេះបានសម្លាប់ពលរដ្ឋអាមេរិកជាង១០ម៉ឺននាក់ហើយ និងអ្នកឆ្លងជិត ១.៧លាននាក់

BY
autoadmin
May 28, 2020

ត្រឹមរយៈពេលតិចជាង ៤ខែ វីរុសរាតត្បាត COVID-19 បានសម្លាប់ជនជាតិអាមេរិកចំនួន ១០០,០០០នាក់ ហើយវាគឺស្ទើរតែទ្វេដងនៃចំនួនជនជាតិអាមេរិកដែលបានស្លាប់ក្នុងជំនាន់សង្គ្រាមវៀតណាម។ គ្មាននរណាម្នាក់អាចទាយដឹងថាការឆ្លងរាលដាលមានទំហំប៉ុនណានោះទេ នៅពេលដែលការស្លាប់ដំបូងទាក់ទងនឹងវីរុស COVID-19 បានកើតឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមកជាមធ្យមជនជាតិអាមេរិកជិត ៩០០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃដោយសារវីរុសនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយតួលេខស្លាប់ប្រចាំថ្ងៃបានថយជាងមុន ហើយគ្រែ ICU ក៏មិនខ្វះខាតដូចមុននោះដែរ។

ការស្លាប់សរុបចំនួន ១០០,៤១១ នាក់ និងការឆ្លងសរុបចំនួន ១.៦៩លាននាក់ ត្រូវបានរាយការណ៍មកគិតត្រឹមល្ងាចថ្ងៃពុធ នេះបើតាមទិន្នន័យដែលប្រមូលដោយសាកលវិទ្យាល័យ Johns Hopkins ។ ប៉ុន្តែវាប្រហែលជាមិនមែនមានតែប៉ុណ្ណឹងទេ ព្រោះថាជនរងគ្រោះខ្លះដូចជាអ្នកដែលស្លាប់នៅក្នុងផ្ទះ និងមិនទៅមន្ទីរពេទ្យ ប្រហែលជាមិនត្រូវបានគេធ្វើតេស្តរក COVID-19 ទេ។ គួរឱ្យដឹងដែរថា ការឆ្លងវីរុស COVID-19 សរុបទូទាំងពិភពលោកពេលនេះមានចំនួន ៥.៦លាននាក់ ហើយស្លាប់សរុបគឺជាង ៣៥០,០០០នាក់ នេះបើយោងតាមការរាប់ទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: