កូវីដ-១៩

កើនដល់ខ្ទង់១០វិញហើយ! ថៃបានបញ្ជាក់ករណីកូវីដ១៩ ថ្មីចំនួន ១១ករណី នៅថ្ងៃព្រហស្បតិ៍នេះ

BY
autoadmin
May 28, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នារសៀលនេះបានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១១ករណី ដែលសុទ្ធតែជាអ្នកទើបតែត្រឡប់មកពីបរទេស។ វេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីថ្មីៗទាំងនេះនាំឱ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសថៃកើនដល់ ៣,០៦៥នាក់ ខណៈការស្លាប់សរុបមាន ៥៧នាក់ដដែល។ គិតមកទល់ពេលនេះថៃព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយបាន ២,៩៤៥នាក់ និងនៅសល់តែ ៦៣ នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងចំណោមអ្នកឆ្លងវីរុស COVID-19 ថ្មីៗនេះមាន ៦នាក់ ទើបតែត្រឡប់មកពីប្រទេសកាតាវិញ កាលពីថ្ងៃទី២២ ខែឧសភា និងបានធ្វើចត្តាឡីស័កនៅទីក្រុងបាងកក ហើយ ៣នាក់ ក្នុងចំណោមពួកគេមិនចេញរោគសញ្ញានោះទេ។ ពួកគេទាំងអស់នោះរកឃើញថាវិជ្ជមានជាមួយវីរុស កាលពីថ្ងៃទី២៦ កន្លងទៅថ្មីៗនេះ។ ករណី ៤ ផ្សេងទៀត ជាអ្នកទើបតែត្រឡប់មកពីគុយវ៉ែត ដែលបានស្នាក់នៅក្នុងជម្រកដាច់ដោយឡែករបស់រដ្ឋាភិបាលនៅក្នុងទីក្រុងបាងកក។ ករណី ១ ចុងក្រោយគឺជាអ្នកដំណើរ ដែលគាត់ទើបតែត្រឡប់មកពីប្រទេសឥណ្ឌា។ ចំណែកករណីនៅទូទាំងពិភពលោកវិញគឺកើនដល់ ៥.៦លាននាក់ ខណៈស្លាប់សរុបមានជាង ៣៥០,០០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: