កូវីដ-១៩

ថៃរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ១១នាក់ ដែលសុទ្ធតែជាអ្នកវិលត្រឡប់មកពីបរទេស

BY
autoadmin
May 29, 2020

រដ្ឋាភិបាលថៃតាមរយៈសារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ពីករណីអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ១១នាក់ ដែលសុទ្ធតែជាករណីត្រឡប់មកពីប្រទេសគុយវ៉ែត។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព COVID-19 បាននិយាយថា ក្រុមអ្នកត្រឡប់មកវិញទាំងនោះសុទ្ធតែស្ថិតក្នុងវ័យពេញកម្លាំង ហើយមិនមានចេញរោគសញ្ញា ឬត្រឹមតែមានអាការស្រាលៗប៉ុណ្ណោះ។

តួលេខថ្មីៗនាំឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសថៃមានសរុបចំនួន ៣,០៧៦នាក់ ហើយក្នុងចំណោមពួកគេនោះ មានអ្នកជំងឺចំនួន ២,៩៤៥នាក់ (៩៦%) បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ ខណៈនៅសេសសល់ ៧៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកចំនួនករណីអ្នកស្លាប់ដោយសារផលវិបាកនៃជំងឺ COVID-19 មិនមានការផ្លាស់ប្តូរទេ គឺនៅតែមាន ៥៧នាក់ដដែល។

ករណី COVID-19 នៅទូទាំងពិភពលោកមានសរុប ៥.៩ លាននាក់ និងកើនឡើងចំនួន ១១៥ ៥៧២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈមានអ្នកស្លាប់សរុប ៣៦២ ០២៤ នាក់។ សហរដ្ឋអាមេរិកមានករណីច្រើនបំផុតគឺ ១.៧៧ លាននាក់ ហើយការស្លាប់ក៏មានច្រើនបំផុតដូចគ្នាគឺ ១០៣ ៣៣០នាក់។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី៧៧ ក្នុងចំណោមប្រទេសមានករណី COVID-19 ច្រើនបំផុត។ ប្រទេសឈរកំពូលតារាងគឺ សហរដ្ឋអាមេរិកជាប់លេខ១ ប្រេស៊ីលជាប់លេខ២ និងរុស្ស៊ីជាប់លេខ៣៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: