ព័ត៌មានជាតិ

ប្ដីស្លាប់ ប្រពន្ធរលាកពេញខ្លួនប្រាណកំពុងសង្គ្រោះបន្ទាន់ នៅក្នុងគ្រោះអគ្គិភ័យឆេះផ្ទះមួយខ្នង នៅឃុំក្រាំងយ៉ូវ កាលពីយប់មិញ

BY
Khmernote Media
May 29, 2020

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ និងស្ត្រីជាប្រពន្ធត្រូវបានជួយសង្គ្រោះទាន់ពេលវេលាតែរងរបួសធ្ងន់ នៅក្នុងគ្រោះអគ្គិភ័យឆាបឆេះផ្ទះ១ខ្នង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១ និង ៣០នាទី ស្ថិតនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះមានឈ្មោះ ស្រ៊ុន បូរិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មកររោងចក្រ (ស្លាប់) និងប្រពន្ធឈ្មោះ អឿន សុខហៀង អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មការិនី មានទីលំនៅ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសធ្ងន់) ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ កម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវសហការជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ជួយធ្វើការតប្រព័ន្ធទឹកបាញ់ទប់ស្កាត់កុំឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងរាយការណ៍ជូន លោកស្នងការទទួលផែន ពន្លត់អគ្គីភ័យ ខេត្តកណ្ដាលយកឡានទឹកមកជួយអន្តរាគមន៍បន្ថែម ។

សមត្ថកិច្ចបន្តថា នៅខណៈពេលដែលកម្លាំងអន្តរាគមន៍ស្រុកស្អាងមកដល់ បានធ្វើការគាស់ទ្វារទម្លុះចូលជួយសង្គ្រោះកម្មករយាមឃ្លាំងដែលស្នាក់នៅក្នុងរោងសិប្បកម្មនោះបានម្នាក់ជាប្រពន្ធ ដែលកំពុងដួលសន្លប់នៅក្នុងបន្ទប់ក្នុងរោងសិប្បកម្មនោះ ចំណែកឈ្មោះ ស្រ៊ុន បូរិន ដួលស្លាប់នៅបន្ទប់ទឹកបាត់ទៅហើយ។

ការខូចខាតក្នុងហេតុការណ៍នេះមានផ្ទះ១ខ្នងសង់ពីឈើប្រក់ក្បឿង ទំហំផ្ទះបណ្ដោយ៩ម៉ែត្រ ទទឹង៧ម៉ែត្រ ដោយតយ៉ាកចំហៀងខាងជើងនិងខាងមុខផ្ទះ សរុបទំហំបណ្ដោយ៣០ម៉ែត្រ ទទឹង១៥ម៉ែត្រ ធ្វើជារោងសិប្បកម្ម ជួលឲ្យសិប្បកម្មតម្បាញដេរខោអាវរោងចក្រ ដែលម្ចាស់ផ្ទះឈ្មោះ គ្រុឌ តៃ ភេទប្រុសអាយុ៧០ ឆ្នាំជនជាតិខ្មែរ ទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង រីឯសាកសពបុរសជាប្តីត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យបានប្រពៃណី៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: