ព័ត៌មានជាតិ

ក្រុមអ្នកជំនាញបរទេស និងសមត្ថកិច្ចខ្មែរបើកការស៊ើបអង្កេតឡើងវិញលើករណីកុមារីម្នាក់លង់ទឹកស្លាប់កាលពីឆ្នាំ២០១៩ ចុងក្រោយទើបដឹងថាមិនមែនលង់ទឹកស្លាប់ឡើយ គឺជាករណីឃាតកម្ម និងឃាត់ខ្លួនក្មេងប្រុសម្នាក់អាយុ១៩ឆ្នាំ

BY
Khmernote Media
May 29, 2020

ខេត្តកំពង់ចាម៖ អង្គភាពការពារកុមារ (CPU) បានប្រកាសថា ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីស្លាប់ ដោយលង់ទឹកទៅលើកុមារអាយុ ៥ឆ្នាំ កាលពីឆ្នាំ២០១៩។ ក្មេងស្រីរងគ្រោះមានឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ រស់នៅជាមួយលោក យាយ លោកតា នៅឯភូមិកើតហេតុខាងលើ ។ ក្មេងរងគ្រោះមានឪពុកចញ្ចឹមឈ្មោះ ស្រ៊ាន ចំរើន និងម្តាយឈ្មោះ ធី សុខឡូត បានទៅធ្វើការនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ រស់នៅជាមួយលោកយាយ លោកតា ដែលបាត់ខ្លួនកាលពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៩ ត្រូវបានពលរដ្ឋប្រទះឃើញសពនៅទឹកព្រែកខាងក្រោយភូមិ ។ ចំពោះករណីនេះកាលនោះមិនទាន់មានប្រភពព័ត៌មានអះអាងថា ជាករណីឃាតកម្មទេ បន្ទាប់ពីពិនិត្យនៅលើខ្លួនសាកសព ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ តែក្រុមអ្នកជំនាញនៅតែបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ កាលនោះបន្ទាប់ពីទទួលបានព័ត៌ថា មានករណីបាត់ក្មេងស្រីម្នាក់ លង់ទឹក ដោយមិនដឹងមូលហេតុ លុះនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងសមត្ថកិច្ចជំនាញ ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃដដែល ស្រាប់តែមានប្រជាពលរដ្ឋបានប្រទះឃើញសពក្មេងស្រីរងគ្រោះនៅក្នុងទឹកព្រែក ខាងក្រោយភូមិ ចម្ងាយប្រមាណជា៥០ម៉ែត្រ ពីផ្ទះ មិនដឹងជាស្លាប់តាំងពីពេលណានោះទេ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យពិនិត្យលើរាងកាយសពក្មេងស្រីរងគ្រោះរួច ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាករណីឃាតកម្មនោះទេ ហើយក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ទោះជាយ៉ាងណាក៏ដោយ ដោយទទួលព័ត៌មានថ្មីបន្ថែម អង្គភាពការពារកុមារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តកំពង់ចាម បានចាប់ផ្តើមធ្វើការស៊ើបអង្កេត ទៅលើករណីស្លាប់ ដោយលង់ទឹករបស់កុមារអាយុ ៥ឆ្នាំ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជីដូនរបស់ក្មេងរងគ្រោះ បានជម្រាបថា ក្មេងរងគ្រោះបានបាត់ខ្លួននៅវេលាម៉ោង៦ និង៣០នាទីល្ងាច កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។ អ្នកភូមិបានរួមគ្នាដើររកក្មេងស្រីទាំងយប់ តែមិនមានភាពជោគជ័យ។ សាកសពក្មេងស្រី ត្រូវបានរកឃើញនៅវេលាម៉ោង១១ព្រឹកថ្ងៃបន្ទាប់ នៅក្នុងព្រែក ដែលពោរពេញដោយដំណាំ និងសំរាម។ ការស៊ើបអង្កេតបឋម បានរកឃើញថា ក្មេងស្រីនេះបានរអិលធ្លាក់ទៅក្នុងព្រែក បង្កឲ្យលង់ទឹកស្លាប់។

ដោយបានទទួលព័ត៌មានថ្មីបន្ថែម អង្គភាពការពារកុមារ មន្ត្រីជំនាញកោសល្យវិច័យ និងមន្ត្រីនគរបាលជាតិកម្ពុជា បានចំណាយពេលវេលាដើម្បីពិនិត្យកន្លែងកើតហេតុ និងស៊ើបសួរបំភ្លឺពីសាក្សី។ ក្មេងប្រុសអាយុ១៩ឆ្នាំឈ្មោះ ទូច ណាលិ កំពុងតែផ្តល់ព័ត៌មានបន្ថែម ដល់កម្លាំងសមត្ថកិច្ច។

បន្ទាប់ពីបានទទួលព័ត៌មានថ្មីបន្ថែម អង្គភាពការពារកុមារ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋានគរបាលខេត្តកំពង់ចាម និងព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក សុធា ពិសិដ្ឋ បានបើកការស៊ើបអង្កេតឡើងវិញទៅលើករណីនេះ ដែលត្រូវបានចាត់ទុកជាករណីលង់ទឹករបស់កុមារីអាយុ ៥ឆ្នាំ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នោះ ។ បន្ទាប់ពីបានធ្វើការសាកសួរ និងស៊ើបអង្កេត ក្មេងប្រុសម្នាក់អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងស្រុកកំពង់សៀម។ ត្រាប់ពីសកម្មភាពត្រូវបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០២០នេះ។ ជនសង្ស័យនឹងត្រូវបានបញ្ជូន ទៅតុលាកាខេត្តកំពង់ចាម ដើម្បីផ្តន្ទាទោសតាមច្បាប់ ពីបទឃាតកម្ម។

នេះគឺជាឧទាហរណ៍យ៉ាងល្អមួយ ដែលបង្ហាញពីកិច្ចសហការយ៉ាងល្អ រវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយក៏ជាការរំលឹកដ៏ល្អមួយ ដែលបង្ហាញថា គ្មានឃាតកម្មទៅលើកុមារណាម្នាក់ នឹងមិនទទួលបានការស៊ើបអង្កេតត្រឹមត្រូវនោះទេ មិនថាកន្លងផុតយូរប៉ុនណាក៏ដោយ។ យើងមានភាពរីករាយដែលអាចផ្តល់ចម្លើយ និងយុត្តិធម៌ជូនក្រុមគ្រួសាររបស់ជនរងគ្រោះ។ អង្គការការពារកុមារ (CPU) សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានចូលរួមធ្វើការងារមួយនេះ៕

កែសម្រួលអត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: