កូវីដ-១៩

លំអិតពីករណីរកឃើញវិជ្ជមានកូវីដ១៩ មួយទៀតជាបុរសខ្មែរវ័យ២៦ឆ្នាំត្រឡប់មកពីថៃ ហើយអ្នកជិះឡានជាមួយគ្នា០៩នាក់ទៀតកំពុងតែធ្វើការពិនិត្យតាមដាន

BY
Khmernote Media
May 30, 2020

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលកម្ពុជា បានធ្វើការប្រកាសឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីមួយទៀត ដែលធ្វើឲ្យចំនួនអ្នកមានវីរុសកូវីដ១៩បានរកឃើញទាំងអស់នៅទូទាំងប្រទេសមានចំនួនសរុប១២៥ករណី (ស្ត្រី៣៩នាក់ និងបុរស ៨៦នាក់)។

ចំពោះករណីរកឃើញវិជ្ជមានថ្មីនេះ ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី២៩ ខសភា ឆ្នាំ២០២០ បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍ ១២កៅអី (មានតែក្រុមគាត់១០នាក់ និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយទទួលបាន លទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្ន បុរសខាងលើរូបនេះ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃដដែលនេះរួចហើយដែរ។ បុរស០៨នាក់ផ្សេងទៀត មានតេស្តអវិជ្ជមាន កំពុងដាក់បន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត។ រីឯបុរសម្នាក់ទៀត កំពុងរងចាំយកវត្ថុសំណាកទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញ ហើយរូបគាត់ត្រូវបានដាក់ឲ្យនៅតាមដាននៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ៕

Share This Post: