ព័ត៌មានជាតិ

កងកម្លាំងកម្ពុជានៅទីក្រុង​ហ្កាវ គោរពវិញ្ញាណក្ខន្ធ របស់លោក ស សាវី ដែលបានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ១៩

BY
Khmernote Media
May 30, 2020

ថ្ងៃសុក្រ ៨កើត ខែជេស្ឋ​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ជួន វុទ្ធី មេបញ្ជាការ​ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ បានដឹកនាំកងកម្លាំងប្រារព្ធពីធីគោរពវិញ្ញាណក្ខន្ធ របស់លោកឧត្តមសេនីយ៍ទោ ស សាវី នាយករង សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុជាតិ(PKO) ដែលមានមុខងារតួនាទីជានាយទាហានគាំទ្រថ្នាក់ជាតិ(NSE) ឋានន្តរស័ក្ដិជា វរសេនីយ៍ឯក ដែលរៀបចំទៅតាមប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី ដែលបានទទួលមរណកាលនៅម៉ោង០៤ៈ៤៣នាទីព្រឹក នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០​។

ពិធីនេះបានប្រារព្ធឡើងនៅទីក្រុង​ហ្កាវ,​ទីបញ្ជាការ​ធំបន្ទាយកងទ័ពមួកខៀវកម្ពុជា។ ក្នុងខណៈពេលនោះផងដែរ លោកមេបញ្ជាការ ក៏បានក្រើនរំលឹក នឹងណែនាំបន្ថែមទៀតក្នុងស្មារតីប្រុងប្រយ័ត្ន ថែទាំសុខភាព អនាម័យខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

គួរបញ្ជាក់ថា ទាហានកម្ពុជាម្នាក់ឈ្មោះ ស សាវី បានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ១៩។ ខ្មែរណូត សូមចូលរួមរំលែកមរណទុក្ខនៃគ្រួសារសព​ និងសូមឧទិ្ទសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ​របស់ឯកឧត្តម ក្នុងបុព្វហេតុ អង្គភាពជាតិ មាតុប្រទេស អញ្ជើញ​ទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ​៚

 

Share This Post: