ឧបទ្ទវហេតុគ្រោះថ្នាក់ដ៏រន្ធត់ រថយន្តឆ្លាម២គ្រឿងបុកគ្នាខ្ទេចពេញទំហឹង ស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល០៧នាក់ មានក្មេងមានចាស់
ខេត្តកំពង់ធំ ៖ ស្ដែងៗណាស់! មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តឆ្លាម ពន្លះគ្នាលាន់ដូចរន្ទះ ជាមួយរថយន្តឆ្លាមមួយគ្រឿងទៀត បណ្តាលអោយស្លាប់មនុស្ស៣នាក់បានស្លាប់ (ដោយមនុស្ស០២នាក់ស្លាប់នៅកន្លែងកើតហេតុក្នុងនោះមានមនុស្សស្រីម្នាក់ ចំណែកឯក្មេងប្រុស០១នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យខេត្ត) ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ស្ថិតក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យក្រុមការងារខ្មែរណូតដឹងថា ភាគីរថយន្តងទាំពីរគ្រឿងមានដូចជា រថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2T-4927 បើកបរដោយឈ្មោះ លី រតនះ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ-មន្រីរាជការ របួសស្រាល។
អ្នករួមដំណើរក្នុងរថយន្តពណ៌ប្រផេះ៖ ១-ត្រូវជាប្រពន្ធអ្នកបើកបរឈ្មោះ ឈីវ ឆេង លាំង ស្រីអាយុ ៣០ឆ្នាំ នៅភ្នំពេញ(របួសធ្ងន់) ។ ២-កូនអ្នកបើកបរឈ្មោះ លី មេងឈាង ភេទប្រុសអាយុ ០២ឆ្នាំ (ស្លាប់) ។ ៣-ឈ្មោះ ហ៊ូ ហេមរិន ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភ្នំពេញ (របួសស្រាល)។ ៤-ឈ្មោះ សារិន សារ៉ា ភេទស្រី អាយុ៣៣ឆ្នាំ នៅភ្នំពេញ(ស្លាប់)។ ៥-ឈ្មោះ ហ៊ូ សុខ រក្សាប្រុសអាយុ៤ឆ្នាំ (របួសធ្ងន់)នៅភ្នំពេញ។ ៦-ឈ្មោះ ហ៊ូ សុភ័ក្រតី ភេទស្រី អាយុ ៧ឆ្នាំ នៅភ្នំពេញ (របួសធ្ងន់)។
ចំណែកឯរថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2R-8565 បើកបរដោយឈ្មោះ ឡែវ ប៊ុនថា ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិសែនសុខទី៤ សង្កាត់ធ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ-មន្ត្រីក្រសួងហិរញ្ញវត្ថុ របួសធ្ងន់ ។ អ្នករួមដំណើររថយន្តពណ៌មាសឈ្មោះ ឌុក បឿន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិបឹងរការ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង( របួសធ្ងន់) និងស្លាប់០១នាក់(ស្រី) មិនទាន់ស្គាល់អត្តសញ្ញាណ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាងរថយន្តទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋានស្រុកកំពង់ស្វាយ ។ ចំណែកអ្នករបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនាក្រុងភ្នំពេញ ចំណែកឯសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទកែសម្រួល៖ ដោយបងម៉េង ខ្មែរណូត