ព័ត៌មានជាតិ

មេឃកំពុងភ្លៀង បុរសពីរនាក់ជិះម៉ូតូវ៉ារថយន្តមិនផុត រួចទាក់ដៃចង្កូតដួលចូលរថយន្តយីឌុបកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់

BY
Khmernote Media
June 1, 2020

រាជធានីភ្នំពេញ ៖ បុរសពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ក្រោមដំណក់ទឹកភ្លៀងយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ារថយន្តមួយគ្រឿងមិនផុតទាក់ដៃចង្កូតដួលចូលរថយន្តយីឌុបមួយគ្រឿងបើកបញ្ច្រាស់ទិសដៅគ្នាកិនបន្ថែមស្លាប់មួយរំពេចតែម្ដង កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវបេតុងលេខ១០៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះស្លាប់ទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខកណ្ដាល 1A-1129 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ខណៈមេឃកំពុងភ្លៀងផង បានវ៉ារថយន្តមួយគ្រឿងមកខាងឆ្វេងដៃ តែវ៉ាមិនផុតបណ្តាលឲ្យប៉ះដៃចង្កូតម៉ូតូ ដួលបោកទៅនិងថ្នល់ស្របពេលមានមួយរថយន្តមួយគ្រឿង ប្រភេទយីឌុប ពណ៌ទឹកប្រាក់ ដោះស្លាកលេខចេញបាត់ បើកបញ្ច្រាសទិសដៅគ្នា ពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មក្រោមដំណក់ភ្លៀងទាំងពីរនាក់តែម្ដង។

ភ្លាមៗនោះឃើញសភាពមិនស្រួល រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវ ឬរងចាំដោះស្រាយទេ បានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ យករថយន្តទៅប្លុងចោលនៅក្នុងដីឡូត៍មួយកន្លែង ដែលមានចម្ងាយពីកន្លែងកើតហេតុប្រមាណ២០០ម៉ែត្រ រួចដោះស្លាកលេខរថយន្តចេញបាត់ ហើយគេចខ្លួនបាត់ស្រមោលតែម្ដង។ ទោះជាភ្លៀងខ្លាំងយ៉ាងណាក៏ដោយ រថយន្តបង្កត្រូវបានសាក្សីឃើញបើកចូលទៅកន្លែងប្លុងចោលខាងលើ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានបានដឹង និងចុះទៅពិនិត្យមើលជាក់ស្ដែង ពិតជារថយន្តដែលកិនជនរងគ្រោះពិតមែន តែសោកស្ដាយអ្នកបើកបររត់គេចខ្លួនបាត់ហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។

ចំណែកឯសពរបស់ជនរងគ្រោះទាំងពីរ មិនទាន់មានសាច់ញាតិដឹងនៅឡើយ ហើយមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងទៀតនោះ សមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើកំណត់ហេតុអោយរថយន្តដឹកសព ចាត់ចែងរៀបចំដឹកតាមរថយន្ដទៅទុក នៅសាលតម្កល់សព ក្នុងវត្តទឹកថ្លា ដើម្បីរងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: