ព័ត៌មានជាតិ

សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត រហូតបែកថ្នាំ “ស្រមៃថាគេដេញតាមបាញ់សម្លាប់” រត់ផ្លោះរបងឡើងលើដំបូលផ្ទះអ្នកភូមិ

BY
Khmernote Media
June 1, 2020

រាជធានីភ្នំពេញ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិតរហូតបែកថ្នាំ “ស្រមៃថាគេដេញតាមបាញ់សម្លាប់” បានរត់ទៅផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ ហើយក៏ឡើងលើសំយ៉ាបផ្ទះស័ង្កសីបំណងចូលទៅក្នុងផ្ទះជាន់ទីមួយ ស្រាប់តែម្ចាស់ផ្ទះបានឃើញហើយក៏ស្រែកឱ្យចុះមកក្រោម ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ យកទៅសួរនាំកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០នេះ ត្រង់ចំណុចជាប់របងផ្ទះសំណាក់ស្ទឹងលាភ ស្ថិតនៅក្នុងផ្លូវលូ ខាងក្រោយក្រុមហ៊ុនស្រាបៀរកម្ពុជា ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យុវជនសង្ស័យមានឈ្មោះ ឡាង យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររៀនជួសជុលរថយន្ត ស្នាក់នៅម្ដុំពោធិ៍ចិនតុង។ ចំណែកឯម្ចាស់ផ្ទះមានឈ្មោះ សម្រិត សឿន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីរាជការចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២៥B ផ្លូវ២៧១ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកភូមិបានរៀបរាប់ប្រាប់ថា យុជនខាងលើមានអាការៈភ័យខ្លាច ស្លន់ស្លោ សង្ស័យប្រាស់ថ្នាំញៀនលើសកម្រិត រហូតបែកថ្នាំ ព្រោះយុវជនខាងលើចេះតែនិយាយថា មានគេដេញតាមបាញ់សម្លាប់ខ្លួន ទើបភ័យពេកក៏រត់មកផ្លោះរបងឡើងលើតំបូលផ្ទះអ្នកភូមិទាំងកណ្ដាលយប់ដូច្នេះ។

តាមសម្ដីរៀបរាប់របស់ម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់កំពុងសំរានដូចសព្វដង ហើយមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែឮសូរសំយ៉ាបស័ង្កសី លាន់សូរសម្រិតជើងមនុស្សដើរគាត់ក៏បានចេញមកខាងក្រៅផ្ទះ ក៏ស្រាប់តែឃើញយុវជនម្នាក់ កំពុងដើរលើដំបូលសំយ៉ាបស័ង្កលីក្បែរផ្ទះគាត់ បំណងប្រុងផ្លោះចូលទៅតាមបង្អួចផ្ទះរបស់គាត់នៅជាន់ទីមួយគាត់ក៏បានស្រែកប្រាប់បងប្អូនរបស់គាត់ចេញមកព្រមគ្នាហើយក៏ឱ្យជនសង្ស័យនោះចុះតាមសម្រួល។ បងប្អូនរបស់គាត់មានអ្នកខ្លះកាន់ដំបង ខ្លះកាន់កាំបិត និងកាន់ដែកបួនជ្រុង ដើម្បីការពារខ្លួន ដើម្បីកុំឲ្យយុវជនម្នាក់នោះតដៃ ហើយក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ មកនាំយកទៅសួរនាំ។

បច្ចុប្បន្នយុវជនជាប់សង្ស័យ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងឱ្យម្ចាស់ផ្ទះទៅដាក់ពាក្យបណ្ដឹង ដើម្បីដាក់បន្ទុក និងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌមានជ័យ បន្តតាមនីតិវិធីនៃច្បាប់៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: