ប្រសើរមែនទែន! មួយខែដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៍ ៣៧% អ្នកស្លាប់ថយ ២៧% និងអ្នករបួសថយ ៣២%
យោងតាមអគ្គស្នងការនរគរបាលជាតិ ក្នុងរយៈពេល ១ខែពេញនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ ៣៩ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន ៣២,៧២៦ករណី ស្មើនឹង ៧៣% និងរថយន្តគ្រប់ប្រភេទចំនួន ១២,០៣៩ករណី ស្មើនឹង២៧%។

ជាមួយគ្នានេះដែរ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានចំណុចគួរឲ្យកត់សម្គាល់ពោល គឺចាប់តាំងពីការរឹតបន្តឹងមកឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់) បើធៀបនឹងរយៈដូចគ្នាកាលក្នុងឆ្នាំ២០១៩។ ទន្ទឹមនឹងនេះបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នករបួសថយចុះ ២៦នាក់ ស្មើ៧% (៣៤២/៣៦៨នាក់)៕


អត្ថបទ៖ លីនី