ឥណ្ឌាពេលនេះក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនបំផុតក្នុងទ្វីបអាស៊ី ជាមួយនឹងករណីសរុបមានច្រើនជាង ២០០,០០០ ករណី
ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា ការឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌាពេលនេះមានច្រើនជាង ២០០,០០០ ករណី ហើយនេះនៅមិនទាន់ដល់ចំណុចកំពូលនៃការឆ្លងនៅឡើយទេ ដោយប្រទេសមានប្រជាជនច្រើនលំដាប់ទី២ របស់ពិភពលោកមួយនេះរំពឹងថា វានឹងកើនឡើងខ្ពស់បំផុតនៅរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត។ កាលពីម្សិលមិញនេះឥណ្ឌាក៏បានរកឃើញករណីប្រចាំថ្ងៃច្រើនបំផុតផងដែរ ជាមួយនឹងករណីចំនួន ៨,៩០៩ ត្រូវបានកត់ត្រា ដែលនាំឱ្យករណីសរុបរបស់ប្រទេសនេះមានដល់ ២០៧,៦១៥ ករណី ហើយចំនួនស្លាប់មាន ៥,៨១៥នាក់។

ប្រទេសឥណ្ឌាសព្វថ្ងៃឈរលេខ១នៅទ្វីបអាស៊ី និងឈរនៅលេខ៧ នៅលើពិភពលោក ក្នុងចំណោមប្រទេសមានការឆ្លងជំងឺ COVID-19 ដែលដេញពីក្រោយប្រទេសអ៊ីតាលី អង់គ្លេស អេស៉្បាញ រុស្ស៊ី ប្រេស៊ីល និងសហរដ្ឋអាមេរិក។ លោកវេជ្ជបណ្ឌិត Nivedita Gupta មកពីក្រុមប្រឹក្សាស្រាវជ្រាវខាងវេជ្ជសាស្ត្រឥណ្ឌា ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានមានប្រសាសន៍ថា៖«យើងនៅឆ្ងាយពីការឆ្លងប្រចាំថ្ងៃខ្ពស់បំផុត»។ មន្ត្រីរដ្ឋាភិបាលរូបនេះបាននិយាយថា វាអាចនឹងកើតឡើងនៅចុងខែនេះ ឬនៅខែកក្កដា មុនពេលករណីចាប់ផ្តើមធ្លាក់ចុះវិញ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia