ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទុកម៉ូតូក្នុងផ្ទះភ្លេចចាក់សោរ ត្រូវចោរចូលលួចយកទៅបាត់ តែសំណាងល្អ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេញចាប់ពេញភូមិទំរាំយកបានម៉ូតូមកវិញ

    BY Khmernote Media June 4, 2020
    ទុកម៉ូតូក្នុងផ្ទះភ្លេចចាក់សោរ ត្រូវចោរចូលលួចយកទៅបាត់ តែសំណាងល្អ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេញចាប់ពេញភូមិទំរាំយកបានម៉ូតូមកវិញ

    រាជធានីភ្នំពេញ៖ ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩មួយគ្រឿង ខណៈម្ចាស់ទុកនៅក្នុងផ្ទះ ហើយចេញដើរទៅក្រៅមិនបានចាក់សោរឲ្យបានត្រឹមត្រូវ ដោយគិតថាទៅមួយភ្លែតមកវិញ ក៍ត្រូវជនសង្ស័យមួយក្រុមចូលទៅលួចចេញមកជិះគេចខ្លួនបានមួយភ្លែត ក៍ត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ប្រទះឃើញក៏ដេញចាប់ពេញភូមិទំរាំបានម៉ូតូមកវិញ ។

    ហេតុការណ៍នេះបានបង្ករឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០១:៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជួលអត់លេខមួយកន្លែង ផ្លូវលំ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ម៉ែន ជា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយាមនៅក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិតាឡុង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំណែកស្ត្រីជាប្រពន្ធសុំមិនបញ្ចេញឈ្មោះ ។ ហើយម៉ូតូដែលជនសង្ស័យលួចយកទៅ ហើយត្រូវសមត្ថកិច្ចដេញឃាត់យកបានមកវិញនោះ ម៉ាកហុងដាឌ្រីម (Honda Dream) ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HO-4621 ជាម៉ូតូដែលបង់រំលោះមិនទាន់ដាច់នៅឡើយ ។

    តាមសម្តីជនរងគ្រោះត្រូវជាប្រពន្ធ បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅយប់ថ្ងៃកើតហេតុ ប្តីរបស់គាត់បានចេញទៅធ្វើការបាត់ ដោយទុករូបគាត់ជាប្រពន្ធនៅផ្ទះជាមួយកូនប្រុសតូច២នាក់ទៀត លុះមកដល់ម៉ោងកើតហេតុ រូបគាត់បាននាំកូនប្រុសទាំងពីរនាក់ ចេញទៅក្រៅមួយភ្លែត ដោយទុកម៉ូតូនៅក្នុងផ្ទះ រួមជាមួយនឹង លុយ១,៣០០ដុល្លារ (មួយពាន់បីរយដុល្លារ) នៅក្នុងផ្ទះ ដោយមិនបានចាក់សោរអោយត្រឹមត្រូវនោះទេ ព្រោះថារូបគាត់ចេញទៅក្រៅតែមួយភ្លែត ។

    ប្រភពបានបន្តទៀតថា លុះរូបគាត់ត្រឡប់មកផ្ទះវិញ ក៍ឃើញទ្វារផ្ទះចំហរ ហើយអត់ឃើញម៉ូតូ ព្រមទាំងរបស់របររាយប៉ាយពេញក្នុងផ្ទះ ហើយថង់ដែលគាត់ទុកលុយនោះក៍បាត់ទៀត ទើបឃាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីសុំអន្តរាគមន៍ភ្លាមៗផងដែរ ។

    ក្នុងហេតុការណ៍នេះដែរ បន្ទាប់ពីដឹងថាមានករណីបាត់ម៉ូតូភ្លាមមន្ត្រីនគរបាលខណ្ឌមានជ័យដែលកាន់ស្ដង់ដារប្រចាំបញ្ជា បានបោះដៃតាមវិទ្យុទាំងទាក់ទង(ID) ហៅកម្លាំងអន្តរាគមន៍ពិសេស រួមទាំងកម្លាំងប៉ុស្តិ៍ទាំង៧ ដែលកំពុងល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសតាមគោលដៅចេញជួយពិនិត្យមើលភិនភាគម៉ូតូដូចដែរបានប្រកាសតាមវិទ្យុទាក់ទងផង ហើយគាប់ជួនមួយសន្ទុះក្រោយមក ស្រាប់តែកម្លាំងអន្តរាគមន៍ពិសេស នៃអធិការនគរបាលខណ្ឌមានជ័យ កំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ក៍ប្រទះឃើញបុរសជាជនសង្ស័យ៤នាក់ បានជិះម៉ូតូដូចដែលកម្លាំងសមត្ថកិច្ចបានប្រកាសតាមវិទ្យុទាក់ទងនៅផ្លូវ៣៧១ ម្តុំវត្តពោធិ៍ញ្ញាណ ទើបកម្លាំងសមត្ថកិច្ចប្រដេញឃាត់សួរនាំសិន គ្រាន់តែក្រឡេកឃើញសមត្ថកិច្ចហៅអោយឈប់ បុរសជនសង្ស័យទាំង៤នាក់ បានសាងលេខបន្ថែមល្បឿនជិះរត់គេចតែម្ដង ទើបកម្លាំងបោះដៃតាមវិទ្យុទាក់ទង ហៅកម្លាំងនៅគោលដៅផ្សេងៗ ចេញជួយអន្តរាគមន៍ ដោយមុខសញ្ញាកំពុងជិះរត់គេចខ្លួន ហើយជនសង្ស័យ២នាក់ដែលជិះពីក្រោយ ភ័យស្លន់ស្លោហើយក៏នាំគ្នាលោតពីលើម៉ូតូ បណ្ដាលឲ្យដួលរមៀលអូសនឹងថ្នល់ទាំងពីរនាក់ ដោយមិនដឹងថារងរបួសយ៉ាងម៉េចខ្លះទេ ព្រោះកម្លាំងសមត្ថកិច្ចបានបន្តប្រដេញតាមម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យ២នាក់ទៀតកំពុងជិះឌុបគ្នារត់គេច រហូតដល់ផ្លូវទាល់មួយជិតម្តុំអតីតទីលានចាក់សំរាមស្ទឹងមានជ័យ(ចាស់) ទើបជនសង្ស័យទាំងនោះ បានផ្តួលម៉ូតូចោលហើយរត់ទាំងភ័យស្លន់ស្លោ ចូលព្រៃគេចខ្លួនបាត់អត់ទៅ ។

    ក្រោយមកកម្លាំងសមត្ថកិច្ចបានហៅជនរងគ្រោះអោយមកមើលម៉ូតូ ដែលសមត្ថកិច្ចប្រដេញយកមកវិញបាននោះ ទើបជនរងគ្រោះមកដល់ បាននិយាយទាំងភ័យផងអរផងថា ពិតជាម៉ូតូរបស់គាត់ពិតប្រាកដមែន ។

    ក្រោយពេលកើតហេតុ ជនរងគ្រោះរួមទាំងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីសាកសួរ និងដាក់ពាក្យបណ្ដឹង នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា រួចហើយក៍ប្រគល់ម៉ូតូអោយជនរងគ្រោះយកត្រលប់ទៅផ្ទះវិញ ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay