ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៧នាក់ បន្ទាប់ពីស្ងាត់ករណីមិនបានប៉ុន្មានថ្ងៃ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃរកឃើញករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៧ករណី ដែលសុទ្ធតែជាអ្នកត្រឡប់ចូលមកប្រទេសថៃវិញទាំងអស់។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ស្ថានការណ៍ជំងឺ COVID-19 បានមានប្រសាសន៍ថា ការកើនឡើងដល់តួលេខ២ខ្ទង់គឺខ្ពស់មែន ប៉ុន្តែករណីទាំងនោះសុទ្ធតែជាអ្នកត្រឡប់ពីបរទេស។ ប្រទេសថៃផ្ទាល់ក៏ទើបតែបានពង្រីកចំនួនអ្នកត្រឡប់មកពីបរទេសវិញរហូតដល់ ៤០០ ទៅ ៥០០ នាក់ ជារៀងរាល់ថ្ងៃផងដែរ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin និយាយថា៖«ពួកគេទាំងអស់ត្រូវបានរកឃើញថាបានឆ្លងជំងឺ នៅអំឡុងពេលធ្វើតេស្តជាលើកទី២ ដែលប្រហែលជាមួយសប្តាហ៍ បន្ទាប់ពីការធ្វើតេស្តលើកដំបូង»។ គោលបំណងនៃការធ្វើតេស្ដច្រើនគឺដើម្បីឆាប់រកឱ្យឃើញជំងឺ ហើយទទួលបានការព្យាបាលនិងជាសះស្បើយវិញឆាប់រហ័ស។ ក្នុងចំណោមករណីថ្មីៗនេះមាន ១៣នាក់ ជាអ្នកត្រឡប់មពីគុយវ៉ែត ដែលបានស្នាក់នៅក្នុងកន្លែងនៅដាច់ដោយឡែករបស់រដ្ឋ ហើយក្នុងចំណោមពួកគេមានចេញរោគសញ្ញាតែ ១ ករណីប៉ុណ្ណោះ។ តួលេខចុងក្រោយនេះនាំឱ្យប្រទេសថៃមានករណីសរុបចំនួន ៣,១០១ ករណី និងស្លាប់សរុប ៥៨នាក់ ហើយអ្នកជាសះស្បើយកើនដល់ ២,៩៦៨ នាក់៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍