ស្នងការរាជធានីភ្នំពេញប្រកាសឲ្យពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតបំផុត រឺទូរសព័្ទមកលេខមួយខ្សែនេះ បើប្រទះឃើញឡាន Rolls Royce និង Mercedes ដែលពាក់ស្លាកលេខ “នគរបាល”
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងរូបភាពរថយន្តស៊េរីទំនើប២គ្រឿងម៉ាក Rolls-Royce និង Mercedes ពាក់ផ្លាកលេខនគរបាលដូចគ្នា គឺ “នគរបាល 2-7715” ហើយមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំង។

ក្រោយកើតមានករណីនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានធ្វើការបញ្ជាក់ឲ្យដឹងថា ផ្លាកលេខ “នគរបាល 2-7715” ដែលពាក់នៅលើរថយន្ត Rolls-Royce និងរថយន្ត Mercedes គឺជាផ្លាកលេខក្លែងក្លាយ ហើយផ្លាកលេខ “នគរបាល 2-7715” គឺជាកម្មសិទ្ធិរបស់រថយន្តម៉ាក Ford Ranger ពណ៌ស ស៊េរីឆ្នាំ២០១៧ នៅអង្គភាពនាយកដ្ឋាននគរបាលទេសចរណ៍។ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ឲ្យដឹងទៀតថា ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយប្រសិនជាប្រជាពលរដ្ឋបានឃើញរថយន្តទាំង២ខាងលើ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរស័ព្ទមកលេខ 117 ហៅចូលដោយឥតគិតថ្លៃ៕

