អ្នកឆ្លងជំងឺរាតត្បាតជាសកល កូវីដ-១៩ នៅសាំងហ្គាពួរពេលនេះកើនឡើងជិត ៣៧,០០០នាក់
សាំងហ្គាពួរបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥១៧ ករណី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ហើយក្នុងនោះមានករណីសហគមន៍ចំនួន ១៥នាក់ ដែលសុទ្ធសឹងតែមិនចេញរោគសញ្ញា។ ក្រសួងសុខាភិបាលបាននិយាយថា៖«ករណីទាំង ១៥ គឺជាទំនាក់ទំនងជិតស្និទ្ធជាមួយករណីបញ្ជាក់ពីមុន ហើយត្រូវបានគេដាក់នៅដាច់ដោយឡែក»។ តួលេខថ្មីៗនាំឱ្យសាំងហ្គាពួរមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៣៦,៩២២ ករណី ខណៈការស្លាប់នៅតែរក្សាត្រឹម ២៤ នាក់ដដែល។ ភាគច្រើននៃករណីថ្មីនៅតែជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Gan Kim Yong បានថ្លែងនៅក្នុងសភានៅថ្ងៃព្រហស្បតិ៍នេះថា សាំងហ្គាពួរអាចត្រូវប្រឈមនឹងហានិភ័យកើនឡើងករណីឆ្លង និងការផ្ទុះជាចង្កោម ដោយសារតែការបើកទ្វារសេដ្ឋកិច្ចឡើងវិញលឿនពេក។ លោកបានព្រមានថា ប្រសិនបើរឿងនោះកើតឡើងមែនសាំងហ្គាពួរនឹងត្រូវចាត់វិធានការណ៍តឹងរឹងឡើងវិញ និងបន្ថយល្បឿននៃការបើកទ្វារ។ លោកមានប្រសាសន៍ថា នៅពេលការរឹតត្បិតត្រូវបានបន្ធូរបន្ថយ ហើយសកម្មភាពជាច្រើនចាប់ផ្តើមដំណើរការ វាកាន់តែមានសារៈសំខាន់ក្នុងការឱ្យប្រជាជនអនុវត្តការរក្សាគម្លាតឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាថាការចម្លងនៅសហគមន៍មានកម្រិតទាប។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសនៅពេលរាត្រី៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia