ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវរកឲ្យឃើញឡានទាំងពីរនេះ និងឃាត់ខ្លួនទាំងម្ចាស់រថយន្ត

BY
Khmernote Media
June 4, 2020

កាលពីថ្ងៃ០៤ ខែមិថុនា កន្លងទៅ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានធ្វើការបញ្ជាក់ឲ្យដឹងថា ផ្លាកលេខ “នគរបាល 2-7715” ដែលពាក់នៅលើរថយន្ត Rolls-Royce និងរថយន្ត Mercedes គឺជាផ្លាកលេខក្លែងក្លាយ ហើយផ្លាកលេខ “នគរបាល 2-7715” គឺជាកម្មសិទ្ធិរបស់រថយន្តម៉ាក Ford Ranger ពណ៌ស ស៊េរីឆ្នាំ២០១៧ នៅអង្គភាពនាយកដ្ឋាននគរបាលទេសចរណ៍។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ឲ្យដឹងទៀតថា ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយប្រសិនជាប្រជាពលរដ្ឋបានឃើញរថយន្តទាំង២ខាងលើ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរស័ព្ទមកលេខ 117 ហៅចូលដោយឥតគិតថ្លៃ។

នារសៀលថ្ងៃទី០៤ ខែមិថុនា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការបញ្ជាឲ្យសមត្ថកិច្ចឃាត់ម្ចាស់រថយន្ត Rolls-Royce និង Mercedes ដែលពាក់ផ្លាកលេខ នគរបាល ក្លែងក្លាយ ដើម្បីយកផ្តន្ទាទោសតាមច្បាប់។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ រថយន្តស៊េរីទំនើបទាំង២គ្រឿងនេះ បានពាក់ស្លាកលេខក្លែងក្លាយប៉ុណ្ណោះ ព្រោះស្លាកលេខ «នគរបាល 2-7715» នេះ គឺស្លាកលេខដែលបានបំពាក់ទៅលើរថយន្ត១គ្រឿង ដែលជាកម្មសិទ្ធិរបស់នាយកដ្ឋាននគរបាលទេសចរណ៍៕

Share This Post: