ព័ត៌មានជាតិ

សង្សារសុំបែក តូចចិត្តពេកយុវតីវ័យក្មេងម្នាក់ដើរទៅលោតទឹកសម្លាប់ខ្លួននៅកំពង់ដរអរិយក្សត្រ

BY
Khmernote Media
June 5, 2020

រាជធានីភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ ព្រោះតែខឹងសង្សាររករឿងឈ្លោះគ្នាហើយសុំបែកគ្នាទៀត ទើបសម្រេចចិត្តគិតខ្លីមកលោតទឹកសម្លាប់ខ្លួននៅមាត់ទន្លេក្បែរកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ហើយក៏ត្រូវមិត្តភ័ក្ដិប្រុសស្រី និងប្រជាពលរដ្ឋនាំគ្នាចុះទៅជួយសង្គ្រោះស្រង់ឡើងគោកទាន់ពេលវេលា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម៉ោង២៣:១០នាទីយប់ ថ្ងៃទី៤ មិថុនា ឆ្នាំ២០២០នេះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលកំពុងមានមនុស្សជាច្រើនបានមកលេងកំសាន្តនៅសួនច្បារ ស្រាប់តែនារីរូបស្រស់ខាងលើមិនស្គាល់អត្តសញ្ញាណវ័យប្រហែល១៨ឆ្នាំបានរត់ចេញមកពីសួនច្បារក្បែរកន្លែងកើតហេតុ និងរត់បណ្តើរស្រែកយំបណ្តើរយ៉ាងគួរឲ្យសោកសង្រេងដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ។ បន្ទាប់មកនារីនោះក៏បានរត់ទៅលោតចូលទឹកទន្លេសម្លាប់ខ្លួន តែភ្លាមនោះក៏មានមិត្តភក្តិប្រុសស្រី៥ទៅ៦នាក់បានរត់ទៅជួយសង្គ្រោះទាន់ពេលវេលា។ ហើយខណៈពេលដែលស្រង់យកនារីនោះមកដល់ខាងលើគោក នាងមិនបាននិយាយស្តីអ្វីទាំងអស់ គឺគិតតែពីស្រែកយំ និងដើរគេចចេញពីមិត្តភក្តិ ទោះបីជាមិត្តភក្តិទាំងនោះនិយាយលួងលោមហៅជិះម៉ូតូត្រលប់ទៅផ្ទះទាំងអស់គ្នាវិញយ៉ាងណាក៏នារីរូបខាងលើមិនព្រមទៅជាមួយពួកគេវិញដែរ។

ប្រភពដដែលបន្តថា ពេលនោះមិត្តភក្តិរបស់នារីរូបស្រស់ខាងលើក៏មិនបានរៀបរាប់ពីហេតុខាងលើអោយឲ្យបានវែងឆ្ងាយនោះទេ គ្រាន់តែប្រាប់ថា ដោយសារនារីខាងលើបានឈ្លោះគ្នាជាមួយនឹងសង្សាររបស់នារី ទើបបានជានារីរត់ទៅលោតទឹកសម្លាប់ខ្លួនយ៉ាងដូច្នេះ។ បន្ទាប់ពីមិត្តភក្តិទាំងនោះនិយាយលួងលោមនារីខាងលើ អស់មួយស្ទុះរួចមក នាងនៅតែមិនព្រមទៅជាមួយពួកគេ ទើបពួកគេនាំគ្នាជិះម៉ូតូចេញទៅអស់ ចោលនារីរូបស្រស់ខាងលើនៅអង្គុយយំតែម្នាក់ឯង។ ក្រោយពេលកើតហេតុបន្ទាប់ពីនារីខាងលើអង្គុយយំតែឯងអស់មួយសន្ទុះរួចមក ក៏ងើបដើរចេញទៅពីកន្លែងកើតហេតុបាត់ទៅ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: