រថយន្ត

អាល្លឺម៉ង់ចាយលុយជាង ១៤៧ ពាន់លានដុល្លារ ដើម្បីឱ្យស្ថានីយប្រេងទាំងអស់ ត្រូវតែដំឡើងកន្លែងសាកថ្មរថយន្តអគ្គិសនី

BY
autoadmin
June 5, 2020

ប្រទេសអាល្លឺម៉ង់នឹងតម្រូវឱ្យស្ថានីយប្រេងឥន្ធនៈទាំងអស់នៅក្នុងប្រទេស មានដំឡើងទីតាំងសាកថ្មសម្រាប់រថយន្តអគ្គិសនី ដែលវាជាផ្នែកមួយនៃផែនការជំរុញទឹកប្រាក់ចំនួន ១៣០ ពាន់លានអឺរ៉ូ ឬ ១៤៧ ពាន់លានដុល្លារអាមេរិក។ កញ្ចប់ទឹកប្រាក់ជំរុញនេះរួមបញ្ចូលទាំងការឧបត្ថម្ភធន សម្រាប់អ្នកទិញយានយន្តអគ្គិសនី និងការបន្ធូរបន្ថយពន្ធ ដើម្បីដាក់សម្ពាធលើអ្នកប្រើរថយន្តប្រភេទ SUV ដែលជាប្រភេទរថយន្តបង្កើតការបំពុលបរិស្ថានខ្ពស់។ ពោលគឺប្រទេសក្នុងទ្វីបអឺរ៉ុបកំពុងចាប់ផ្ដើមចេញកញ្ចប់ថវិកាក្នុងការជំរុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយដែលបានបំពុលដល់បរិស្ថាន។

យោងតាមអាជ្ញាធរដឹកជញ្ជូនប្រទេសអាល្លឺម៉ង់បាននិយាយថា ក្នុងចំណោមរថយន្ត ១៦៨,១៤៨ គ្រឿង ដែលបានចុះបញ្ជីនៅក្នុងខែឧសភា មានតែ ៣.៣% ប៉ុណ្ណោះដែលប្រើប្រាស់អគ្គិសនី ហើយនៅឆ្នាំ២០១៩ មានរថយន្តតិចជាង ២% ដែលជាប្រភេទអគ្គីសនី។ ការផ្លាស់ប្តូររបស់អាល្លឺម៉ង់គឺជាវិធីមួយដើម្បីដោះស្រាយបញ្ហាការបំពុល ហើយយើងក៏មិនបាច់ពិបាកក្នុងការស្វែងរកកន្លែងសាកថ្ម ព្រោះរាល់ស្ថានីយប្រេងនឹងមានវាទាំងអស់។

កាលពីឆ្នាំមុនអធិការបតីអាល្លឺម៉ង់អ្នកស្រី អែនជែឡា មឺកែល បានកំណត់គោលដៅធ្វើយ៉ាងណាឱ្យមានកន្លែងបញ្ចូលភ្លើងអគ្គិសនីមួយលានកន្លែងនៅទូទាំងប្រទេសនៅឆ្នាំ២០៣០។ អាល្លឺម៉ង់ក៏មិនមែនមានតែមួយដែលផ្សព្វផ្សាយ និងជំរុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីដែល ដោយកាលពីសប្តាហ៍មុនប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រូន ក៏បានប្រកាសអំពីកញ្ចប់ថវិកាលើកទឹកចិត្តចំនួន ៨ ពាន់លានអឺរ៉ូ ដើម្បីគោលបំណងធ្វើឱ្យប្រទេសបារាំង នាំមុខគេក្នុងការផលិតរថយន្តមិនប៉ះពាល់បរិស្ថាននៅអឺរ៉ុប៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: