អាមេរិកមានការកើនឡើងករណីកូវីដ១៩ បន្ទាប់ពីបានបើកទ្វារអាជីវកម្ម ដោយមានករណីថ្មីជាង ២០,០០០នាក់ ត្រូវបានកត់ត្រា
សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃចំនួន ២១,៦១៤ ករណី កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) នេះបើយោងតាមទិន្នន័យរបស់កាសែតញូវយ៉កថែមស៍។ ទីតាំងផ្ទុះឡើងនៃករណីថ្មីៗភាគច្រើនមាននៅភាគខាងត្បូង និងខាងលិចនៃសហរដ្ឋអាមេរិក។ ថ្វីបើចំនួននេះគឺទាបជាងកាលពីខែមេសា នៅពេលដែលអាមេរិកមានការឆ្លងដល់កំពូលរបស់វា ប៉ុន្តែវាជាចំនួនច្រើនបំផុតសម្រាប់រយៈពេលចុះក្រោយនេះ ខណៈពេលដែលប្រទេសនេះកំពុងបន្ធូរបន្ថយការរឹតត្បឹត ដើម្បីបើកទ្វារអាជីវកម្មឡើងវិញ។

កត្តាចំនួន ២ ដែលអាចរួមចំណែកដល់ការកើនឡើងក្នុងករណីរបស់អាមេរិក គឺការបើករដ្ឋឡើងវិញបន្ទាប់ពីបិទទ្វារ និងកំណើននៃការតវ៉ាសិទ្ធិស៊ីវិល ដែលបានធ្វើឱ្យមានការប្រមូលផ្តុំគ្នាជាច្រើនប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលីសស្បែកស។ ជារួមការស្លាប់ដោយសារជំងឺ COVID-19 របស់អាមេរិកមានការធ្លាក់ចុះ ដោយបានថយចុះការស្លាប់ពាក់កណ្ដាល បើធៀបនឹងពេលដែលមានការឆ្លងដល់កំពូល។ ពោលគឺចំនួនអ្នកស្លាប់ជាមធ្យមក្នុងសប្តាហ៍នេះ មានចំនួន ៩៣៨នាក់ ក្នុងមួយថ្ងៃ៕



អត្ថបទ៖ លីដា
ប្រភព៖ Insider