ព័ត៌មានជាតិ

យុវជនម្នាក់សារភាព និងព្រមទទួលកំហុស ក្រោយផុសព័ត៌មានមិនពិតថា ទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ត្រូវគេស៊ីគ្រឿងម៉ូតូអស់គ្មានសល់

BY
Khmernote Media
June 6, 2020

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសធ្វើការបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា Sem Tony ដែលបានផុសរឿងមិនពិតថា « ទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់តែ១យប់១ថ្ងៃ បាត់គ្រឿងម៉ូតូអស់ហើយ ទាំងបូមមុខ បូមក្រោយ បេនស៉ីម៉ាំង និយាយរួមមកគឺគ្រឿងសំខាន់អស់រលីងហើយ» ។

នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការកោះហៅឈ្មោះ សែម តូនី ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sem Tony បង្ហោះព័ត៌មានមិនពិត ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺករណីដែលខ្លួនបានផុសនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំមកលើសមត្ថកិច្ច ជាពិសេសការផុសនូវព័ត៌មានមិនពិតនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សែម តូនី បានសារភាព និងទទួលកំហុសដែលខ្លួនបានផុសព័ត៌មានមិនពិតដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិ ។ បុគ្គលរូបនេះក៏បានថតជាវីដេអូខ្លីបដើម្បីធ្វើការសុំទោសជាសាធារណ:នូវកំហុសដែលខ្លួនបានប្រព្រឹត្តិ និងសុំការយោគយល់ លើកលែងទោសពីសមត្ថកិច្ចផងដែរ។ ជាពិសេសបុគ្គលរូបនេះក៏បានធ្វើកិច្ចសន្យាថា ចាប់ពីពេលនេះតទៅគឺឈប់ផុសរឿងមិនពិតទៀតហើយ ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់សូមបំភ្លឺថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងភ្ជង់ប្លន់យកកាបូបប្រាក់ និងជួញដូរគ្រឿងញៀន) និងកាន់កាប់អាវុធដោយខុសច្បាប់ ។
ក្នុងនោះមាន០២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនមានទី១-ឈ្មោះ ហុក ណារិន ភេទប្រុស អាយុ២៩ឆ្នាំ និងទី២-ឈ្មោះ ហ៊ាន ប្រឹមប្រិយ ភេទប្រុស អាយុ១៨ឆ្នាំ និងបានដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ ១E.២៩៦៥ (ទាំង០២នាក់នេះគឺជាបងប្អូនជីដូនមួយនឹងគ្នា) ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចធ្វើការស្រាវជ្រាវជាលទ្ធផល ឈ្មោះ ហុក ណារិន មានការពាក់ព័ន្ធនឹងការសមគំនិតក្នុងការជួញដូរគ្រឿងញៀន ដោយឡែកម្នាក់ទៀតឈ្មោះ ហ៊ាន ប្រឹមប្រិយ (ឃាត់ខ្លួនក្នុងរង្វង់កិច្ចប្រតិបត្តិការ) មិនមានជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀនទេ ។ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាសមត្ថកិច្ចក៏បានធ្វើការអប់រំព្រមទាំងអោយអាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ ព្រមទាំងប្រគល់ម៉ូតូឲ្យសាម៉ីខ្លួន ហើយបានពិនិត្យម៉ូតូ ព្រមទាំងនិយាយប្រាប់ថាមិនមានបាត់អីទេ ក៏បានយកម៉ូតូជិះចេញបាត់ទៅ៕

Share This Post: