ព័ត៌មានជាតិ

បង្ក្រាបទីតាំងជនជាតិចិនលួចផលិតគ្រឿងញៀននៅលើខុនដូរមួយកន្លែង ម្តុំបឹងកេងកង

BY
Khmernote Media
June 6, 2020

រាជធានីភ្នំពេញ៖ ជនសង្ស័យជនជាតិចិនម្នាក់ ត្រូវបាននគរបាលខណ្ឌបឹងកេងកង សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការចាប់ឃាត់ខ្លួន ពីបទផលិតកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង០៩:១០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ ដោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហជាមួយនគរបាលកំលាំងផែ្នកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ ហ៊ួត ចាន់យ៉ារ៉ាន់ ស្នងការរង ទទួលផែនគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរៈសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ផាន់ ពិសិដ្ឋ ក្រឡាបញ្ចីចូលរួម បានចុះឆែកឆេរ និងត្រួតពិនិត្យបន្ទប់លេខB២០១ ជាន់ទី២ ក្នុងអាគារខុនដូរ សោភា ផ្លូវលេខ៣៥២ ក្រុមទី៦២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ហ៊ី យីរី (HE YIRI) ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន មុខរបរពុំពិតប្រាកដ ។

ដកហូតវត្ថុតាងរួមមាន ៖
១- MDMA គ្រាប់០១ថង់តូច
២- ថ្នាំគ្រាប់ (WY) ០១ថង់តូច
៣- មេតំហ្វេមីន (ICE) ០១ថង់តូច
៤- ហេរ៉ូអ៊ីនម៉្សៅ ០១ថង់តូច
៥- ក្រាមកេតាមីនក្នុងកែវ ចំនួន០១
៦- សារធាតុរាវ មេតំហ្វេតាមីន ចំនួន០១ដប
៧- CLONAZOLAM ចំនួន០១ថង់តូច
៨- MDP2P ចំនួន០២ថង់
៩- METHY LAMINE HCL ចំនួន០១ថង់
១០- អាស៊ីតស៊ុលផ្លរិច ចំនួន០១ដប
១១- ETHYL ACETATE ចំនួន០១ដប
១២- ACETONE ចំនួន១៥ដប
១៣- METHANOL ចំនួន១៦ដប
១៤- TOLUENE ចំនួន០៩ដប
១៥- MAGNESIUM SULFATE ANHYDROUS ចំនួន១០ដប
១៦- SODIUM CYANOBROHYDRIDE ចំនួន០៤ដប
១៧- អាស៊ីត ចំនួន០២ធុង
១៨- ឧបករណ៍សម្ភារៈសារធាតុគីមី សារធាតុគីមីផ្សំមួយចំនួនធំ រួមជាមួយម៉ាស៊ីនសម្រាប់ផលិតកែច្នៃមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធី វត្ថុតាងខាងលើ បញ្ចូនទៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ចំណែកវត្ថុតាងមួយចំនួន ដែលនៅសេសសល់ ត្រូវបានរក្សាទុក នៅក្នុងបន្ទប់ខាងលើ ដោយបិទឃ្លុំបេជាបណ្តោះអាសន្ន៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: