រថយន្ត

អង់គ្លេសទំនងនឹងចាប់ផ្ដើមថែមលុយឱ្យម្ចាស់រថយន្តប្រើសាំងចាស់ៗ ប្តូរទៅប្រើរថយន្តអគ្គិសនី

BY
autoadmin
June 8, 2020

ទីផ្សាររថយន្តនៅចក្រភពអង់គ្លេសមានភាពយ៉ាប់យ៉ឺន ដោយសារតែជំងឺ COVID-19 ដូច្នេះនាយករដ្ឋមន្រ្តីលោក Boris Johnson (បូរីសចនសុន) ប្រហែលជាត្រូវពឹងផ្អែកលើរថយន្តអគ្គិសនីដើម្បីបង្កើនទីផ្សារឡើងវិញ។ ប្រភពពី The Telegraph បានឱ្យដឹងថា ក្រុមការងាររបស់លោក Boris Johnson កំពុងរៀបចំផែនការដែលនឹងផ្តល់ប្រាក់រហូតដល់ ៦,០០០ផោន ឬប្រហែល ៧,៦២៧ ដុល្លារអាមេរិក ដល់អ្នកបើកបរណា ដែលចង់ប្តូរពីរថយន្តសាំងទៅអគ្គិសនីវិញ។ លោកនាយករដ្ឋមន្រ្តីទំនងជាប្រកាសវាឡើងថ្ងៃទី០៦ ខែកក្កដា ដែលជាផ្នែកមួយនៃផែនការយ៉ាងទូលំទូលាយ ដើម្បីជួយសេដ្ឋកិច្ចអង់គ្លេសឱ្យងើបឡើងវិញ ខណៈវិធានការបិទទ្វារត្រូវបានបន្ធូរបន្ថយ។

ប្រសិនវាជាការពិតវានឹងជួយជម្រុញដល់សេដ្ឋកិច្ចអង់គ្លេសទាំងមូល ហើយនឹងទទួលបានអត្ថប្រយោជន៍យ៉ាងពិសេសសម្រាប់ម៉ាក Jaguar, Mini និងម៉ាកផ្សេងទៀត ដែលយ៉ាងហោចណាស់បានផលិតរថយន្តអគ្គិសនីមួយចំនួននៅក្នុងទីផ្សារក្នុងស្រុក។ ចំពោះការលើកទឹកចិត្តក្នុងការដោះដូរនេះ អាចជាការចាំបាច់ដើម្បីបំពេញគោលដៅរយៈពេលវែង។ ជាក់ស្ដែងចក្រភពអង់គ្លេសក៏ចង់ហាមឃាត់ការលក់រថយន្ដសាំងនៅឆ្នាំ២០៣៥ ហើយនោះអាចជាបញ្ហាប្រឈមប្រសិនបើមិនមានទីផ្សារអគ្គិសនីរីកដុះដាលបានមុននោះទេ។ យ៉ាងណាក៏ដោយនៅក្នុងជំហានដំបូងនៃការផ្លាស់ប្ដូរអាចមានការលំបាកច្រើន ដោយសារតែស្ថានីយសម្រាប់សាកថ្មរថយន្តអាចនឹងមិនមានគ្រប់គ្រាន់ភ្លាមៗនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: