សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែម ៤៥១នាក់ ដែលនាំឱ្យករណីសរុបមានជិត ៣៩,០០០នាក់
សាំងហ្គាពួរគិតត្រឹមថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ បានពិនិត្យឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៤៥១ ករណី ដែលនាំឱ្យចំនួនសរុបមានដល់ ៣៨,៩៦៥នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងអស់រួមមានករណីសហគមន៍ចំនួន៧ ហើយក្រៅពីនោះគឺសុទ្ធតែជាពលករបរទេស ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ ព័ត៌មានលម្អិតក្រសួងនឹងធ្វើការផ្សព្វផ្សាយបន្ថែមទៀតនៅរាត្រីនេះ។

កាលពីម្សិលមិញនេះសាំងហ្គាពួរមានតួលេខថ្មីៗតិចបំផុតមួយចាប់តាំងពីថ្ងៃទី១១ ខែមេសា ដោយមានករណីថ្មី ២១៨នាក់ ត្រូវបានបញ្ជាក់។ ប្រទេសនេះនៅតែមានការឆ្លងក្នុងចំនួនច្រើន ប៉ុន្តែករណីក្នុងសហគមន៍គឺមានតិចតួចបំផុត។ ដោយសារតែការរឹតត្បឹតកំពុងត្រូវបានបន្ធូរបន្ថយជាដំណាក់កាល ដូច្នេះសាំងហ្គាពួរក៏កំពុងត្រៀមខ្លួនជាមួយការកើនឡើងនៃករណីថ្មីៗក្នុងសហគមន៍ផងដែរ។ ចំណែកការស្លាប់ដោយសារផលវិបាកនៃជំងឺ COVID-19 នៅក្នុងប្រទេសនេះ គឺនៅតែរក្សាត្រឹម ២៥ នាក់ដដែល៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times